ផ្ទុះការសង្ស័យថា អតីតកីឡាករភ្នំពេញក្រោន Paulo Victor ទៅវិសាខាស្ងាត់ៗ
អ្នកគាំទ្របាល់ទាត់ជាតិជាច្រើនកាន់តែមានការសង្ស័យទៀតហើយជុំវិញរឿងអតីតខ្សែបម្រើប្រយុទ្ធភ្នំពេញក្រោន Paulo Victor អាចនឹងទៅចូលរួមជាមួយវិសាខា នាពេលខាងមុខ។
ការសង្ស័យកាន់តែខ្លាំង បន្ទាប់ពីគេឃើញរូបភាពពីរសន្លឹករបស់កីឡាករបរទេសមួយរូបដែលមានភិនភាគស្រដៀងទៅនឹង Paulo Victor មានពាក់អាវហាត់របស់វិសាខា កំពុងទិញកាហ្វេនៅហាងមួយកន្លែងក្នុងប្រទេសកម្ពុជា។
អ្នកនិយមបាល់ទាត់ជាតិជាច្រើនជឿជាក់ថា Paulo ដែលធ្លាប់ជាកីឡាករឆ្នើមមួយរូបរបស់ភ្នំពេញក្រោនពីឆ្នាំ២០១៩ ដល់២០២០ នឹងចូលរួមជាមួយវិសាខាដើម្បីជំនួសខ្សែប្រយុទ្ធ Junior Barros។ Barros ដែលជាជនប្រេស៊ីលដែរនោះ លេចឮដំណឹងថា បានចាកចេញពីកីឡដ្ឋានព្រីនស៍ទៅហើយ ក្រោយទើបចូលរួមបានប្រមាណជិត២ខែ។
គួររំឭកថា Paulo Victor ត្រូវបានចាត់ទុកជាកីឡាករឆ្នើមមួយរូបនៅលីគកំពូលកម្ពុជាអំឡុងចំណាយពេល២រដូវកាលនៅភ្នំពេញក្រោន ដោយគេមានសមត្ថភាពល្អ ទាំងល្បឿន បច្ចេកទេស និងការបញ្ចប់ទី។ ក្រោយចប់កុងត្រានៅ RSN គេបានផ្លាស់ទៅលេងនៅមជ្ឈិមបូពា៌ និងស្រុកកំណើតឯប្រទេសប្រេស៊ីលវិញ៕