
Zlatan ជាជម្រើសជាតិជាថ្មីក្នុងវ័យ៤១ឆ្នាំ
Zlatan Ibrahimovic ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិស៊ុយអែតក្នុងវ័យ៤១ឆ្នាំសម្រាប់ការប្រកួតជម្រុះពានរង្វាន់ទ្វីបអឺរ៉ុប មួយឆ្នាំបន្ទាប់ពីការបង្ហាញខ្លួនចុងក្រោយរបស់គេ។
ស៊ុយអែតនឹងត្រូវប៉ះបែលហ្ស៊ិក និងអាស៊ែបៃហ្សង់នៅចុងខែមីនានេះ។ ខ្សែប្រយុទ្ធ AC Milan ត្រូវអវត្តមានច្រើនក្នុងរដូវកាលនេះ ដោយសារតែរបួសជង្គង់។
គេបានលាឈប់ពីជម្រើសជាតិបន្ទាប់ពី Euro 2016 តែបានត្រលប់មកវិញនៅឆ្នាំ២០២១ សម្រាប់យុទ្ធនាការជម្រុះ World Cup តែមិនបានជោគជ័យទេ។
គ្រូបង្គោលស៊ុយអែត លោក Janne Andersson បាននិយាយថា Ibrahimovic មិនស្ថិតក្នុងជម្រើសដំបូងទេ តែអាចជាជម្រើសបម្រុងមួយ។
Ibrahimovic ដែលបានបង្ហាញខ្លួន៣ប្រកួតក្នុងនាមជាកីឡាករបម្រុងសម្រាប់ AC Milan ក្នុងរដូវកាលនេះ បានបង្ហាញខ្លួនចុងក្រោយទល់នឹងប៉ូឡូញជម្រុះ World Cup 2022។
អតីតខ្សែប្រយុទ្ធ Manchester United និង Paris St-Germain ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ស៊ុយអែត ដោយរកបាន៦២គ្រាប់ក្នុង១២១ប្រកួត៕