Nani៖ខ្ញុំពិតជាភ័យខ្លាំងណាស់នៅពេលដែល Sir Alex អោយបើកឡានជូនគាត់ទៅផ្ទះ
(BC-99)
អតីតកីឡាករបិសាចក្រហម Nani បានសារភាពថាគេពិតជាខ្លាច Sir Alex Ferguson ខ្លាំងណាស់នៅពេលដែលរូបគេបានមកដល់ Manchester United ជាលើកដំបូង ជាពិសេសនៅក្នុងថ្ងៃមួយដែលអតីតអ្នកចាត់ការរូបនេះបានហៅអោយជូនគាត់ត្រឡប់ទៅផ្ទះ។
Nani ដែលបានផ្លាស់ពី Sporting CP ទៅ Old Trafford ក្នុងឆ្នាំ ២០០៧ហើយបានចាកចេញពីក្លឹបនៅ Premier League នេះវិញនៅឆ្នាំ ២០១៥ បានរំលឹកឡើងវិញនូវអតីតកាលរបស់ខ្លួននាអំឡុងពេលដែលរូបគេនៅជាកីឡាកររបស់ Manchester United ថា “ខ្ញុំមានអារម្មណ៍ខ្លាចអ្នកចាត់ការទូទៅ Sir Alex Ferguson ជាខ្លាំង! គាត់គឺជាបុរសដែលមានភាពម៉ឺងម៉ាត់មួយរូបបើទោះជាគាត់ឧស្សាហ៍ញញឹមដាក់អ្នករាល់គ្នាក៏ដោយ”។
កីឡាករដែលជួយអោយ United ឈ្នះពានរង្វាន់ Premier League ចំនួន ៤ ដងនិង Champions League ម្តងព្រមទាំងពានរង្វាន់ជាច្រើនទៀតរូបនេះបាននិយាយបន្ថែមថា រូបគេជាកីឡាករម្នាក់ដែលត្រូវបានអតីតអ្នកចាត់ការរូបនេះស្រែកស្តីអោយក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ក្នុងចំណោមកីឡាករឯទៀត។
Nani ដែលជាកីឡាករកំពុងបំពេញភារកិច្ចជាមួយក្រុម Orlando City របស់អាមេរិចបានរំលឹករឿងមួយផ្សេងទៀតដែលធ្វើអោយគេនៅតែចងចាំនិងមិននអាចផ្តល់ចម្លើយអោយ Alex វិញបានរហូតមកដល់ពេលនេះគឺនៅគ្រាហ៍ដែល Manchester United បានប្រកួតស្មើជាមួយ Fulham ២-២។ នៅពេលនោះ Nani អាចនឹងជួយអោយក្រុមខ្លួនឈ្នះបើគេស៊ុតបាល់ពិន័យ១១ម៉ែត្របានសម្រេច។ តែនៅពេលនោះគេមិនអាចធ្វើបានឡើយ។ ក្រោយពីការប្រកួតចប់សព្វគ្រប់ Sir Alex ក៏មកនិយាយជាមួយរូបគេដោយសុំអោយគេបើកឡានជូនគាត់ទៅផ្ទះ។ Sir Alex មិនបាននិយាយរកគេសោះសូម្បីតែមួយម៉ាត់។
រហូតដល់ថ្ងៃត្រឡប់មកហ្វឹកហាត់វិញនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ទើប Sir Alex បាននិយាយទៅកាន់រូបគេថា “តើឯងគិតថាខ្លួនឯងជានរណា? ម្តេចបានជាឯងថ្លើមធំហ៊ានទាត់បាល់ពិន័យនោះ?” រួចគាត់ក៏បានបែរទៅស្តីអោយ Giggs ខ្លាំងៗថា “ Ryan ហេតុឯងឱ្យគេទាត់បាល់ពិន័យ?” Giggs ក៏បាននិយាយតបថា“ Nani បានចាប់បាល់ពីដៃខ្ញុំ ទើបខ្ញុំអោយគាត់ទាត់” ។