Ravel Morrison សម្តែងការសោកស្តាយចំពោះពាក្យសម្តី Wayne Rooney ដែលបាននិយាយថាគេមិនបានបំពេញសក្តានុពលនៅ Manchester United
(BC-99)
Ravel Morrison បានប្រាប់ talkSPORT ថាគាត់មានការស្តាយក្រោយចំពោះការអត្ថាធិប្បាយរបស់ Wayne Rooney អំពីការមិនបានបញ្ចេញអោយអស់នូវសក្តានុពលដែលគេមានក្នុងអំឡុងពេលជាកីឡាករថ្នាលរបស់ Manchester United ។
អតីតវីរបុរសនៅលើទឹកដី Old Trafford Wayne Rooney បានអះអាងប្រាប់សារព័ត៌មាន The Sun ថា Morrison គឺជាកីឡាករបាល់ទាត់ដែលមានទេពកោសល្យល្អម្នាក់ដែលលោកមិនធ្លាប់បានឃើញ ហើយអតីតកីឡាករថ្នាលរបស់ Man Utd រូបនេះលេងបាល់បានល្អជាង Paul Pogba និង Jesse Lingard ទៅទៀត។ ក៏ប៉ុន្ដដោយសារកង្វះក្រមសីលធម៌ អាកប្បកិរិយា និងចិត្តគំនិត ទើបធ្វើអោយគេមិនអាចក្លាយជាកីឡាករកំពូលរបស់ក្រុមបិសាចក្រហមបាន។
រីឯអតីតខ្សែការពារដ៏រឹងមាំ Rio Ferdinand ក៏ធ្លាប់បានកោតសរសើរពីសមត្ថភាពរបស់ Ravel Morrison នាពេលកន្លងមកដែរថា Sir Alex Ferguson ធ្លាប់បាននិយាយជាមួយគាត់អំពីកីឡាករវ័យក្មេង Morrison (កាលនោះមានវ័យ១៨ឆ្នាំ) ដែលមានទេពកោសលល្អជាង Ryan Giggs នៅក្នុងវ័យដូចគ្នាទៀតផង។
Morrison បានក្លាយជាកីឡាករអាជីពនៅថ្ងៃកំណើតគម្រប់អាយុ ១៧ ឆ្នាំរបស់គេក្នុងឆ្នាំ ២០១០។ តែអ្វីៗក៏មានការប្រែប្រួលមិនដូចជាការរំពឹងទុកឡើយពោល Morrison បានបង្ហាញខ្លួនត្រឹមតែ ៣ លើកប៉ុណ្ណោះសម្រាប់ក្រុមបិសាចក្រហមហើយក៏បានចាកចេញពីក្លិបនេះក្នុងឆ្នាំ ២០១២ ដោយមិនបានលេងនៅ Premier League ឡើយ។
មានអាយុ ២៧ ឆ្នាំនាពេលបច្ចុប្បន្ននេះ Morrison កំពុងតែប្រកបអាជីពជាមួយក្រុម Middlesbrough ក្នុងនាមជាកីឡាករកម្ចីពីក្លឹប Sheffield United ដែលទើបតែបានបង្ហាញខ្លួនបាន ២ ដងប៉ុណ្ណោះ។
ចាប់តាំងពី Manchester United លែងត្រូវការមក Morrison បានចូលរួមលេងជាមួយក្លឹបចំនួន ១០ ក្នុងរយៈពេល ១០ឆ្នាំនេះតែគេមិនដែលបានលេងច្រើនជាង ៣០ ប្រកួតសម្រាប់ក្លឹបណាមួយនោះទេ។
Morrison បាននិយាយក្នុងកម្មវិធី TalkSPORTឆ្លើយតបនឹងការលើកឡើងរបស់ Rooney ថា អតីតកីឡាករនិងជាវិរបុរស Man Utd រូបនេះពិតជានិយាយត្រូវ។ រូបគេបានធំដឹងក្តីនិងហ្វឹកហាត់ជាមួយក្រុមបិសាចក្រហមតាំងពីគេអាយុ ៩ ឆ្នាំ។ ដូចនេះគេតែងតែចាត់ទុកទីនោះជាផ្ទះ។ ការចម្រើនវ័យធំធាត់តែមួយកន្លែងបែបនេះធ្វើអោយគេមានអារម្មណ៍ថាគេជាមនុស្សអស្ចារ្យជាងអ្នកដទៃ ព្រោះឋិតក្នុងភាពជាយុវវ័យគេមិនបានគិតពិចារណាអោយបានគ្រប់គ្រាន់ទើបធ្វើអោយមានផលប៉ះពាល់មិនល្អដល់អ្នកនៅក្បែរខ្លួន។ ជាការពិតប្រសិនបើគេអាចរើសបាន គេនឹងត្រឡប់ថយក្រោយនឹងកសាងកេរ្តិ៍ឈ្មោះសាជាថ្មី។
សូមបញ្ជាក់ដែរថាគ្រូបង្វឹកកាយសម្បទារនៅ Old Trafford មួយរូបក៏បាននិយាយកាលពីពេលថ្មីៗនេះដែរថា ប្រសិនបើកាលនោះ Ravel Morrison មានអត្តចរិតល្អដូច Ronaldo តែ ២៥% រូបគេប្រហែលជាកំពុងតែឋិតក្នុងចំណោមកំពូលកីឡាកររបស់ពិភពលោកនាពេលបច្ចុប្បន្ននេះមិនខាន។