កីឡាករម្នាក់ដែលធ្វើអោយ Messi តែងតែកោតស្ញប់ស្ញែង
(BC-99)
ថ្មីៗនេះ Messi បាននិយាយអំពីកីឡាករបាល់ទាត់មួយរូបដែលគេតែងតែលួចសរសើរនិងមានការកោតស្ញប់ស្ញែងជាពន់ពេក ហើយម្នាក់នោះគឺជាអតីតមិត្តរួមក្រុមរបស់គេគឺកីឡាករខ្សែប្រយុទ្ធ Thierry Henry។
Thierry Henry គឺជាកីឡាករដ៏ឆ្នើមម្នាក់ដែលក្របខណ្ឌ Premier League បានកត់ត្រាឯតទគ្គកម្មវិរបុស Arsenal រូបនេះនៅក្នុងក្រាំងប្រវត្តិរបស់ខ្លួន មិនតែប៉ុណ្ណោះកីឡាករដែលជួយអោយ បារាំង ឈ្នះ World Cup 1998 ម្នាក់នេះក៏ជួយបង្កើតស្នាដៃក្រុម FC Barcelona នៅ La Liga អេស្ប៉ាញបានថែមទៀតផង។
Arsene Wenger ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ចាត់ទុកជាអ្នកចាត់ការក្លឹបដ៏ល្អកម្ររកបាននៅក្នុងលោកមួយរូបដែលបានចំណាយលុយ ១១ លានផោនទិញ Henry ពីក្លឹប Juventus ក្នុងឆ្នាំ ១៩៩៩។ គ្រប់គ្នានៅពេលនោះមានការយល់ឃើញថាលោក Wenger បានចំណាយលុយខ្ពស់ទៅលើកីឡាករដែលមិនមានគុណភាព។ តែជាក់ស្តែងក្នុងកំឡុងពេលដែល Thierry Henry លេងអោយកាំភ្លើងធំរហូតដល់ឆ្នាំ ២០០៧ រូបគេបានជួយអោយក្លឹបនេះឈ្នះពានចំនួន ៦ គឺ Premier League ២ដង FA Cup ២ដងនិង Community Shield ២ដងតាមរយៈការចូលលេង ២៥៤ប្រកួត ស៊ុតបញ្ចូលទី ១៧៤ គ្រាប់។
ក្រោយពីធ្វើចាកចេញពី Emirates Stadium Henry ក៏បានផ្លាស់ទៅកាន់ទឹកដី Camp Nou របស់ Barcelona ជាទីដែលគេបានបង្ហាញខ្លួន ៨០ ប្រកួតស៊ុតបញ្ចូលទីបាន ៣៥ គ្រាប់ក្នុងអំឡុងឆ្នាំ ២០០៧-២០១០។ រយៈពេល ៣ ឆ្នាំលើដី អេស្ប៉ាញ គេបានជួយអោយក្រុមអ្នកមានបុណ្យឈ្នះពានចំនួន ៧ គឺ La Liga ២ដង Copa del Rey ម្ដង Supercopa de Espana ម្ដង UEFA Champions League ម្តង UEFA Super Cup ម្តងនិង FIFA Club World Cup ម្តង។
គ្រាហ៍ដែល Thierry Henry នៅជាមួយ Barcelona នេះហើយទើបធ្វើអោយ Lionel Messi បានសម្តែងនូវការសរសើរស្ញប់ស្ងែងដល់កីឡាករ បារាំង រូបនេះដោយគេបាននិយាយថា ” Thierry Henry ស៊ុតបាល់បញ្ចូលទីពីកណ្តាលទីលាលដែលគ្មាននរណាម្នាក់នៅលើពិភពលោកអាចធ្វើបាន។ គាត់គឺជាកីឡាករម្នាក់ដែលមានអ្វីគ្រប់យ៉ាងដែលអ្នកគ្រប់គ្រងតែងតែសុបិន្តចង់បាន។ តើគាត់មានអ្វីពិសេសទៀតទេ? គឺគាត់កាយសម្បទារល្អមាំមួន និងមានសមត្ថភាពព្រមទាំងបច្ចេកទេសក៏ដូចជាភាពវៃឆ្លាតគួរឱ្យកត់សម្គាល់។ គាត់ជាអ្នកជំនាញគំរូម្នាក់ដែលបានឈ្នះអ្វីគ្រប់យ៉ាង”។
គួរបញ្ជាក់ថា Thierry Henry បានចាកចេញពី Barcelona ផ្លាស់ទៅកាន់ New York Redbull នៅឆ្នាំ ២០០៧ និងបានបញ្ចប់អាជីពក្រោយពីវឹលមកកាន់ Arsenal ជាថ្មីនៅឆ្នាំ ២០១២ ក្នុងនាមជាកីឡាករកម្ចី។ សម័យបច្ចុប្បន្ននេះ Henry កំពុងតែបំពេញមុខងារជាអ្នកចាត់ការទូទៅរបស់ក្លឹប Montreal Impact ។