ឡៅ ចន្ទ្រា ប៉ះ កងមឿងឆាង ខណៈ រឿង សោភ័ណ្ឌ ជួប ផ្លាំងនុម នៅទឹកដីកំពង់ចាម
ជំនួបសងសឹកពីរគូនឹងកើតឡើងនៅទឹកដីកំពង់ចាម ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់នាថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ ដោយក្នុងនោះមាន ឡៅ ចន្ទ្រា ប៉ះជាមួយ កងមឿងឆាង និង រឿង សោភ័ណ្ឌ ត្រូវប្រកួតជាមួយកីឡាករថៃ ផ្លាំងនុម ។
ការប៉ះគ្នារវាង ឡៅ ចន្ទ្រា និង កងមឿងឆាង ជាជំនួបលើកទី៥ហើយដោយ ឡៅ ចន្ទ្រា ធ្លាប់ឈ្នះ២ដង និងស្មើម្តង ខណៈការប្រកួតចុងក្រោយ កងមឿងឆាង បានផ្តួលគុនខ្មែរក្នុងទឹកទី៤ ដែលធ្វើអោយ ឡៅ ចន្ទ្រា មិនសប្បាយចិត្តដោយ សារគិតថាកិឡាករថៃមានចេតនាថែមពេលដួល ហើយបានស្នើសុំសងសឹកសម្រាប់ជំនួបនេះតែម្តង ។ ចំណែក រឿង សោភ័ណ្ឌ ប៉ះកីឡាករថៃ ផ្លាំងនុម ក៏ជាជំនួបដ៏គួរអោយចាប់អារម្មណ៍ផងដែរ ដោយសារការប្រកួតចុងក្រោយរបស់ពួកគេគឺស្មើ គ្នា ប៉ុន្តែអ្វីដែលធ្វើអោយគុនខ្មែរមិនអស់ចិត្តនោះទេគឺរូបគេបានទទួលរងរបួសចម្រុះក្នុងអំឡុងការប្រកួតនោះទេ ទើបចង់ប៉ះគ្នាម្តងទៀតដូចនេះ ។
ក្រៅពីការប្រកួតគូមិត្តភាពអន្តរជាតិនេះ នៅមានការប្រកួតជម្រុះខ្សែក្រវាត់រវាងកីឡាករគុនខ្មែរប៉ះគុនខ្មែរផងដែរ ដោយក្នុងនោះ បឺត សង្ឃឹម ប៉ះ សៀវ ង៉ុយ និង ឡុង រ៉ាមី ជួប ពុទ្ធ ម៉ាណួយ អ្នកឈ្នះនឹងបន្តប៉ះអ្នកឈ្នះដើម្បីរកជើងខ្លាំងប្រចាំខេត្តកំពង់ចាម ក្នុងការដែលមានឱកាសឡើងមកប្រកួតនៅរាជធានីភ្នំពេញដណ្តើមខ្សែក្រវាត់អមដោយទឹកប្រាក់ ៥ពាន់ដុល្លារ ។ ការប្រកួតគ្រោងនឹងធ្វើឡើងនៅទីរួមខេត្តកំពង់ចាម ចាប់ពីម៉ោង ៥ៈ៣០ នាទីល្ងាច និងមានផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ៕