Takumi Minamino ស្ទើរតែពុំរួចជីវិតនៅអំឡុងគ្រោះធម្មជាតិរញ្ជួយដីដ៏ធំនៅជប៉ុន
(BC-99)
Takumi Minamino បានរួចផុតពីចង្កូមមច្ចុរាជនាថ្ងៃមហន្តរាយរញ្ជួយដីដ៏ធំបំផុតលំដាប់ទីពីរដែលបានវាយប្រហារប្រទេសជប៉ុននៅអំឡុងសតវត្សរ៍ទី ២០ ។
នៅពេលនោះកីឡាករចំណូលថ្មីរបស់ Liverpool ទើបតែមានអាយុបានមួយថ្ងៃប៉ុណ្ណោះនៅពេលដែលគ្រោះមហន្តរាយឈ្មោះ Great Hanshin បានឆក់យកអាយុជីវិតមនុស្ស ៦.៤៣៤នាក់។ Minamino បានចាប់កំណើតនាថ្ងៃទី ១៦ ខែមករាឆ្នាំ ១៩៩៥ នាទីប្រជុំជន Izumisano ដែលនៅឆ្ងាយពី Kobe ជាទីកន្លែងកើតហេតុចម្ងាយ ៥០ ម៉ាយល៍។ ផ្ទះជាង ៧ ម៉ឺនខ្នងនៅទូទាំងតំបន់ Izumisano ត្រូវបានបំផ្លាញដោយសារអគ្គីភ័យនិងការដួលរលំទាំងស្រុង។ ដើម្បីបន្តជីវិតរស់នៅម្តាយក៏បានឱបទារកដែលទើបតែកើតនេះរួមជាមួយប្តីនិងកូនប្រុសច្បងរត់ទៅកាន់កន្លែងសុវត្ថិភាពទាំងប្រផិតប្រផើយ។
៧ឆ្នាំក្រោយមក ជប៉ុន និង កូរ៉េ ក៏បានសហការណ៍គ្នាធ្វើជាម្ចាស់ផ្ទះ World Cup ២០០២ ដែលនៅពេលនោះហើយ Minamino បានឃើញនិមិត្តរូបបាល់ទាត់របស់ខ្លួនបានក្លាយជាម្ចាស់ស្បែកជើងមាសក្រោយពីជួយអោយ ប្រេស៊ីល ឈ្នះពានរង្វាន់ពិភពលោកគឺអតីតកីឡាករ Ronaldo។ ចាប់តាំងពីពេលនោះឯងដែល Minamino តែងតែស្រមៃថាខ្លួននឹងក្លាយជាកីឡាករបាល់ទាត់ដ៏ល្បីនៅថ្ងៃណាមួយជាពុំខាន។ ជារឿយៗនៅពេលលេងបាល់ជាមួយមិត្តភក្តិ Minamino តែងតែចំលងរបៀបបណ្តើរបាល់ ស៊ុតបាល់ បញ្ជូនបាល់ ត្រាប់តាមជំនាញ Ronaldo ។ ក៏ប៉ុន្តែគេបែជាត្រូវផ្តល់រហស្សនាមថាជា Neymar ជប៉ុន ទៅវិញនៅពេលដែលគេបានក្លាយជាកីឡាកររបស់ក្លិបនៅក្របខណ្ឌ J-League Cerezo Ozaka នាឆ្នាំ២០១២។
រម្លឹកឡើងវិញអំពីគ្រោះធម្មជាតិដ៏ប្រល័យកាលពីឆ្នាំ១៩៩៥ Minamino បាននិយាយថា បើទោះជាពេលនោះគេមិនទាន់ដឹងក្តី តែវាជាព្រិត្តិការណ៍ដ៏រន្ធត់មួយដែលមិននឹកស្មានថារូបគេនិងក្រុមគ្រួសារអាចមានសំណាងរួចផុតពីភ្លើងមច្ចុរាជបែបនេះណាស់។ ការតស៊ូររស់នៅក្រោយ ពីរឿងរ៉ាវដ៏ជូរចត់បានកន្លងទៅគឺជាជីវិតដ៏មានន័យបំផុត។
កីឡាករខ្សែប្រយុទ្ធរូបនេះបានប្តូរទៅកាន់ក្លិប Red Bull Salzburg នាប្រទេស អូទ្រីស ក្នុងឆ្នាំ ២០១៥ ជាទីដែលគេបានរីកចម្រើនលើអាជីពបាល់ទាត់យ៉ាងរហ័សដោយបានចូលរួមប្រកួតចំនួន ១៣៦ដង និងស៊ុតបាល់បញ្ចូលទីបានចំនួន ៤២គ្រាប់។ ទេពកោសល្យដែលចេះតែវិវឌ្ឍន៍បែបនេះបានធ្វើអោយគេក្លាយជាកីឡាករពេញសិទ្ធរបស់ហង្សក្រហម Liverpool នាដើមឆ្នាំថ្មី ២០២០ នេះតែម្តង។