អ្នកដឹកនាំកីឡាករបរទេសមកប្រកួតស្រុកខ្មែរ ឆ្លើយតបទៅនឹងសំណើរ ព្រំ សំណាង

លោក ថាវិន សដានឆ័យ និង ព្រំ សំណាង
កាលពីពេលថ្មីៗនេះ MSR SPORT បានចុះផ្សាយថា កីឡាករគុនខ្មែរ ព្រំ សំណាង បានសំណូមពរដល់អ្នកដឹកនាំកីឡាករបរទេសដែលមកប្រកួតនៅស្រុកខ្មែរ មេត្តាយកកីឡាករបរទេសល្អៗឲ្យខ្លាំងជាងនេះដើម្បីប្រកួតជាមួយរូបគេ ព្រោះការប្រកួតជាមួយកីឡាករបរទេសលក្ខណបែបសាច់ជ្រូកបីជាន់គឺមិនអាចវាស់ស្ទង់សមត្ថិភាពខ្លួនឯងពិតប្រាក់បានឡើយ។

ព្រំ សំណាង
ជាមួយគ្នានេះ លោកគ្រូ ថាវិន ស.ដានឆ័យ ដែលជាអ្នកដឹកនាំកីឡាករបរទេសមួយរូបក្នុងចំណោមជាច្រើនរូបផ្សេងទៀត ក៏ធ្លាប់បាននិយាយប្រាប់ក្រុមការងារ MSR SPORT ថា៖ អ្នកប្រដាល់ជនជាតិថៃភាគច្រើន គឺគេមិនសូវប្រកួតលើប្រភេទទំងន់ធ្ងន់ប៉ុន្មានទេ តែបើគីឡូគេឡើងធំហើយគឺគេធ្វើជាគ្រូបង្វឹក ជំនួយការគ្រូបង្វឹក និងប្រម៉ូតទឺតែម្តង។ តែបើកីឡាករបរទេសក្រៅពីថៃវិញ លោកទទួលស្គាល់គឺមិនសូវសំបូរអ្នកខ្លាំងនោះឡើយ បើមាន! ក៏គេគិតតម្លៃខ្លួនថ្លៃដែលធ្វើឲ្យលោកពិបាកក្នុងការនាំមកប្រកួតនៅស្រុកខ្មែរ។ លោកក៏ធ្លាប់ប្រាប់បន្ថែមលើនេះទៀតថា ប្រើ ព្រំ សំណាង អាចទម្លាក់គីឡូមកត្រឹម៦៧ទៅ៦៨គឺមិនខ្វះដៃគូប្រកួតដែលខ្លាំងនោះឡើយ។

ព្រំ សំណាង
គួរបញ្ជាក់ថា នៅក្លឹបឆ័ត្រ៩១១ បច្ចុប្បន្ននេះមានកីឡាករ២រូបដែលប្រកួតលើប្រភេទទំងន់ធ្ងន់ គឺ ព្រំ សំណាង និង អ៊ុង វីរៈ ហើយកីឡាករទាំង២រូបនេះក៏ធ្លាប់ព្យាយាមសម្រក់ ដើម្បីអោយងាយស្រួលរកដៃគូប្រកួត តែរាងពិបាកបន្តិច៕