
មូលហេតុ ធឿន ធារ៉ា ផ្អាកការប្រកួតនៅប្រទេសថៃ
ធឿន ធារ៉ា ជាអ្នកប្រដាល់គុនខ្មែរមួយរូបដែលល្បីល្បាយចេញពីការប្រកួតនៅសង្វៀនធំៗ នាប្រទេស ថៃ ក្រោយពីរូបគេបានផ្តួលជើងខ្លាំងថៃជាច្រើនក្នុងកម្មវិធី Max Muay Thai និងបានហ្វឹកហាត់ នៅក្លិបប្រដាល់មួយនាប្រទេសថៃ ផងដែរ ។
ប្រជាប្រិយភាពរបស់គេបានកើនឡើងជាខ្លាំងទាំងនៅកម្ពុជានិងនៅក្រៅប្រទេស ប៉ុន្តែក្រោយពីរូបគេ ប្រកួតចាញ់កីឡាករថៃ Kitti Sorjordanrayong ក្នុងកម្មវិធី Max Muay Thai កាលពីថ្ងៃទី ៦ ខែឧសភា កន្លងមក អ្នកប្រដាល់ដើមកំណើតខេត្តព្រៃវែងក៏បានផ្អាកហ្វឹកហាត់និងប្រកួតនៅប្រទេសថៃ ។
ទាក់ទងទៅបញ្ហានេះ ធឿន ធារ៉ា បានបញ្ជាក់ថា មូលហេតុដែលរូបគេផ្អាកការប្រកួតនៅប្រទេសថៃ ព្រោះការប្រកួតនៅថៃយូរបានប្រកួតម្តង ហើយជាពិសេសរូបគេត្រូវហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិគុន ខ្មែរ និងមិនចង់ចេញឆ្ងាយពីមនុស្សជាទីស្រលាញ់ ។
លោក អេ ភូថង ដែលជាគ្រូបង្វឹកជម្រើសជាតិគុនខ្មែរក៏បានអោយផងដែរថា ធឿន ធារ៉ា ជាកីឡាករ ជម្រើសជាតិគុនខ្មែរដូចនេះត្រូវតែមកហ្វឹកហាត់ជាមួយសមាជិកគុនខ្មែរ ព្រោះក្រសួងអប់រំយុវជន និង កីឡា តំរូវអោយកីឡាករជម្រើសជាតិទាំងអស់ប្រមូលផ្តុំហ្វឹកហាត់តាមការកំណត់ ។
សូមបញ្ជាក់ថា ក្រោយមកហ្វឹកហាត់នៅខ្មែរ ធឿន ធារ៉ា ប្រកួតបានចំនួនពីរប្រកួតហើយដោយឈ្នះ កីឡាករថៃ ចៃស៊ូ និង កីឡាករប្រេស៊ីល Jorge Inacio ខណៈមានសង្វៀននៅកម្ពុជា ជាច្រើនកំពុងចង់បានរូបគេទៅ ប្រកួតផងដែរ ៕