រូបភាពជក់ចិត្តក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរដំណើរឆ្ពោះទៅតាមបណ្តាខេត្តរដូវកាលទី២ នាខេត្តបាត់ដំបង
អ្នកគាំទ្រប្រដាល់ខេត្តបាត់ដំបងសម្រុកមកចូលរួមទស្សនាការប្រកួតប្រដាល់កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមបណ្តាខេត្ត ដែលធ្បានរៀបចំឡើងនាទីរួមខេត្តបាត់ដំបង កាលពីថ្ងៃសៅរ៍ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះដែលមានការប្រកួតជម្រុះខ្សែក្រវាត់និងការប្រកួតមិត្តភាពអន្តរជាតិ ។ការប្រកួតជម្រុះខ្សែក្រវាត់ចំនួនពីរគូបានរកឃើញបេក្ខភាពដែលត្រូវមកប្រកួតនៅរាជធានីភ្នំពេញ ជាបន្តទៀត ដោយក្នុងនោះគូខ្សែក្រវាត់ទី១ កីឡាករ ស៊ន រ៉ាគីម មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង បានយកឈ្នះពិន្ទុលើកីឡាករ យីប ឌុប របស់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ បន្ទាប់ពីពួកគេតស៊ូជាមួយ គ្នាចំនួន ៣ ទឹក ។
ចំណែកគូខ្សែក្រវាត់ទី២ កីឡាករ វាន់ វឿន បានផ្តួលសិស្សប្អូន ហេង សុភ័ក្រ ក្នុងទឹកទី២ដើម្បីឡើងមកវគ្គបន្តបានសម្រេច និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២លានរៀលពីក្រុមហ៊ុនគោជល់ ។ ដូចនេះមានន័យថាបេក្ខភាពខ្សែក្រវាត់ក្នុងមណ្ខលខេត្តបាត់ដំបងរួមមាន ស៊ន រ៉ាគីម និង វាន់ វឿន ខណៈកំពង់ចាមមាន បឺត សង្ឃឹម និង ឡុង រ៉ាមី ដែលត្រូវឡើងមកប្រកួតក្នុងវគ្គ៨នាក់ចុងក្រោយ ។
ក្នុងថ្ងៃនោះដែរក្រៅពីការប្រកួតជម្រុះខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាម បណ្តាខេត្តរដូវកាលទី២ នៅមានការប្រកួតគូអន្តរជាតិចំនួនពីរយ៉ាងជក់ចិត្តផងដែរ ។ អ្នកលេងកែង ផល សោភ័ណ្ឌ ត្រូវតតាំងជាមួយជើងខ្លាំងរបស់ប្រទេសថៃ យ៉តវាន់ឌី ក្នុងជំនួបលើកទី៣ បន្ទាប់ពីគុនខ្មែរចាញ់ ២ដងកន្លងមក ។ ការប្រកួតពីទឹកទី១ រហូតដល់ទឹកទី៥ ពួកគេទាំងពីរនាក់សុទ្ធតែធ្វើបានល្អដោយគុនខ្មែរ ភាគច្រើនចេញកណ្តាប់ដៃនិងកែងបានច្រើន ខណៈកីឡាករថៃភាគច្រើនប្រើប្រាស់ជង្គង់និងការចាប់ផ្តួល ។ លទ្ធផលយ៉ាងប្រផុតប្រផើយរបស់ចៅក្រមបានផ្តល់អោយគុនខ្មែរឈ្នះដោយពិន្ទុមិនឯកច្ឆន្ត ៣ ទល់ ២ ធ្វើអោយ ផល សោភ័ណ្ឌ សងសឹកបានសម្រេចនិង ទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន ២លានរៀលពីក្រុមហ៊ុន គោជល់ ផងដែរ ។
គូអន្តរជាតិចុងក្រោយពិតជាធ្វើអោយបងប្អូនអ្នកខេត្តបាត់ដំបង ខកចិត្តនោះជាជំនួបរវាង កែងពិឃាឌ ធឿន ធារ៉ា ប៉ះជាមួយអ្នកប្រដាល់ថៃ ម៉ាណាវថង ។ដោយធ្លាប់មានបទពិសោធជួបគ្នាកន្លងមក ពួកគេមិនសូវស្ទៀបស្ទង់ជាមួយគ្នានោះទេដោយចាប់ផ្តើម តតាំងគ្នាតាំងពីទឹកទី១ទៅតែម្តង ។ការប្រកួតបាន២ទឹក ធឿន ធារ៉ា ធ្វើបានយ៉ាងល្អតាមរយៈការប្រើកែងនិងទាត់ជាដើម ប៉ុន្តែចូលទឹកទី៣ រឿងអាក្រក់ក៏បានកើតឡើងចំពោះ ធារ៉ា បន្ទាប់ពីការចូលប្រើកែងហើយត្រូវកីឡាករថៃលើកកែងទប់ប៉ះចម្រុះរងរបួសធ្ងន់ត្រូវគ្រូពេទ្យសម្រេចបញ្ឃប់ការប្រកួតតែម្តង ដូចនេះជ័យជម្នះនិងប្រាក់ឧបត្ថម្ភក៏ធ្លាក់ទៅលើកីឡាករថៃ តែម្តង ។កម្មវិធីអ្នកតស៊ូគុនខ្មែរដំណើរឆ្ពោះទៅតាមបណ្តាខេត្តរដូវកាលទី២ នឹងធ្វើឡើងនៅមណ្ឌលខេត្តសៀមរាប និងកំពង់ធំ ជាបន្តទៀតដើម្បីស្វែងរកបេក្ខភាពខ្សែក្រវាត់ដែលមានប្រាក់រង្វាន់ ៥ពាន់ដុល្លារ ៕