ឡុង សំណាង ថាប្រកួតជាមួយ ផាន់ គ្រាន់ ប៉ះចំ Idol ខ្លួនឯង
អ្នកប្រដាល់គុនខ្មែរ ឡុង សំណាង បានបង្ហើបថាពិតជាពិបាកខ្លាំងនៅពេលត្រូវជួបរៀមច្បង ផាន់គ្រាន់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ ហ្សូរ៉ាស់ នាថ្ងៃ អាទិត្យ ទី ១៧ ខែ មិនា ឆ្នាំ ២០១៩ នេះវេលាម៉ោង ៨ ព្រឹកនាសង្វៀន ស៊ី ធី អ៊ិន ។
កូនសិស្សរបស់លោក ឡុង សាលវ័ន្ត រៀបរាប់ថាពិតជាសប្បាយចិត្តដែលបានឈានមកដល់វគ្គនេះក្រោយ ការប្រកួតជម្រុះសន្សំពិន្ទុកន្លងមក ប៉ុន្តែការប្រកួតវគ្គនេះពិតជារឿងពិបាកមួយដែលត្រូវជួប មិត្តរួមជាតិដែលមានបទពិសោធច្រើនជាងខ្លួន ។
ឡុង សំណាង បន្ថែមថា ផាន់ គ្រាន់ ជាអ្នកប្រដាល់ចាស់វស្សាមួយរូបដែលបានប្រឡូកលើ សង្វៀនតាំងពីរូបគេមិនទាន់ឡើងប្រកួតនិងមាន ក្បាច់ល្អ ហើយក៏ជាកីឡាករក្នុងដូចចិត្ត (Idol)របស់ខ្លួនពីមុនមកដែរ ។
អ្នកប្រដាល់នៃត្បូងឃ្មុំ រូបនេះក្រោយប្រកួតសន្សំពិន្ទុរូបគេឈរនៅកំពូលតារាង ហើយត្រូវជួប ផាន់ គ្រាន់ ដែលស្ថិតនៅលេខ៤ ខណៈមួយគូទៀត ឌុម កែវ ត្រូវប៉ះកីឡាករថៃ ភិតសាហ្វា ដែលពួកគេនៅលេខ២និងលេខ៣ ក្រោយប្រកួតសន្សំពិន្ទុបានបញ្ចប់ ៕