ម៉ៅ ពិសិដ្ឋ ចេញពីក្រោនទៅទ័ព
ម៉ៅ ពិសិដ្ឋ បានចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទលើកិច្ចសន្យា៣ឆ្នាំ។
កីឡាករវ័យ២២ឆ្នាំបានចំណាយពេលរដូវកាល២០២២នៅអង្គរថាយហ្គឺរលើកិច្ចសន្យាខ្ចីពីក្រុមជើងឯកលីគកំពូល៨សម័យ តែសម្រាប់ការចូលរួមជាមួយទ័ពគេមិនទាន់ដឹងច្បាស់ថា ជាការផ្ទេរផ្ដាច់ឬយ៉ាងណាទេ។ ប៉ុន្តែបើនិយាយពីកិច្ចសន្យារបស់គេនៅ RSN បានផុតសុពលភាពទៅហើយ។
ពិសិដ្ឋ បានដុះដាលចេញពីថ្នាលភ្នំពេញក្រោន និងបានចូលក្រុមធំក្នុងរដូវកាល២០១៧ តែប៉ុន្មានរដូវកាលចុងក្រោយនេះ មិនសូវបានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងជាប់លាប់ប៉ុន្មានទេ។ ដូច្នេះការចាកចេញទៅស្តាតចាស់ទំនងអាចផ្ដល់នាទីលេងបានកាន់តែច្រើនថែមទៀតដល់រូបគេ។
ម៉ៅ ពិសិដ្ឋ បានជាប់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំផងដែរនៅដើមរដូវកាល២០២២ ពេលចូលរួមប្រកួត AFF U23 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕