សហព័ន្ធបាល់ទាត់អាស៊ានសូមទោសហព័ន្ធបាល់ទាត់កម្ពុជា
ក្រោយពិនិត្យមើលលើការតវ៉ានេះ គណៈកម្មការការប្រកួតបានចេញលិខិតឆ្លើយតប និងសម្ដែងការសោកស្ដាយចំពោះគ្រាប់បាល់ដែលមិនត្រូវបានផ្តល់ជូនឱ្យទៅក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដែលធ្វើឱ្យមានការខកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់កម្ពុជា។
សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ បានសូមធ្វើការអរគុណចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងការសរសេរលិខិតតវ៉ាក្នុងករណីនេះ ដើម្បីជួយឱ្យគណៈកម្មការការប្រកួតធ្វើការកែលំអ និងពង្រឹងបន្ថែមសម្រាប់ការរៀបចំការប្រកួតផ្សេងៗទៀត។
សូមបញ្ជាក់ថា៖ យោងតាមច្បាប់ទី៥ (អាជ្ញាកណ្តាល) ចំណុចទី២ (ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល) នៅក្នុងច្បាប់នៃការប្រកួតកីឡាបាល់ទាត់ (Laws of the Game) បានចែងថាការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលគឺជាការសម្រេចចុងក្រោយដោយមិនអាចផ្លាស់ប្តូរបន្ទាប់ពីចប់ការប្រកួតបានទេ។
ប្រភព និងរូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា