
លោក Conte និយាយថា Lampard និងក្លាយជាអ្នកគ្រប់គ្រងដ៏ឆ្នើមម្នាក់នៅលើពិភពលោក
(BC-99)
លោក Antonio Conte បានកោតសរសើរចំពោះFrank Lampard ដែលបានដឹកនាំក្រុមតោខៀវ Chelsea នៅរដូវកាលដំបូងបានយ៉ាងល្អហើយលោកមានការជឿជាក់ថាអតីតកីឡាករអន្តរជាតិ អង់គ្លេស រូបនេះអាចក្លាយជាអ្នកចាត់ការឆ្នើមម្នាក់នៅលើពិភពលោក។
លោក Conte បាននិយាយពីវិធីដឹកនាំដ៏ល្អរបស់ Lampard តាមរយៈការលើកយកកីឡាករ N’Golo Kante មកធ្វើជាតឹកតាងថា នៅជំនាន់លោកជាអ្នកដឹកនាំក្លឹប លោកបានដាក់ឱ្យ Kante ជាកីឡាករខ្សែបម្រើកណ្តាលលើរូបមន្តលេង ៣-៤-៣ ហើយគេក្លាយជាអ្នកបង្កើតឱកាសដ៏អស្ចារ្យម្នាក់សម្រាប់ក្រុម។ តែមកដល់ជំនាន់លោក Sarri កីឡាករអន្តរជាតិបារាំងរូបនេះត្រូវបានដាក់អោយលេងលើតួនាទីវិលវល់មួយ។ តែចូលដល់ជំនាន់ Lampard កីឡាករដែលមានចរិតអឹមអៀនរូបនេះក៏បានវិវឌ្ឍន៍មករកភាពល្អប្រសើរជាថ្មីម្តងទៀត។
អតីតអ្នកចាត់ការទូទៅរបស់ Chelsea ចំនួន ២ រដូវកាល Antonio Conte បានប្រាប់ទូរទស្សន៍ Sky Sports ថា “ខ្ញុំគិតថា Lampard កំពុងធ្វើបានល្អ។ នេះជាបទពិសោធន៍ទី ២ របស់រូបគេក្នុងនាមជាអ្នកគ្រប់គ្រង បន្ទាប់ពីបានដឹកនាំក្រុម Derby County។ ការគ្រប់គ្រងក្លិបកំពូលគឺមិនមែនជារឿងងាយស្រួលនុះទេ”។
លោកបានលើកជាមតិយោបល់បែបនេះក៏ព្រោះតែការយល់ឃើញថា ការដឹកនាំក្រុមតោខៀវ ជំនួសលោក Maurizio Sarri គឺជាអម្រែកមួយដ៏ធ្ងន់។ អតីតអ្នកចាត់ការទូទៅដែលជួយអោយ Chelsea ឈ្នះ Premier League នៅរដូវកាល ២០១៦-១៧ និងពានរង្វាន់ FA Cup រដូវកាល ២០១៧-១៨ បាននិយាយបន្តទៀតថា “ខ្ញុំបានមើ់លឃើញពីសមត្ថភាពដឹកនាំក្រុមរបស់ Lampard ។ រូបគេបានធ្វើអោយយុវកីឡាករ Chelsea មានការផ្លាស់ប្តូរនិងរីកចម្រើនដែលមានដូចជា Tammy Abraham និង Mason Mount ជាដើម។ ជាពិសេសនៅឆ្នាំដំបូងនៃការដឹកនាំ Lampard បានជួយអោយក្រុមតោខៀវឈរនៅចំណាត់ថ្នាក់លេខបួន។ ខ្ញុំគិតថាគេមានសមត្ថភាព ហើយនឹងអាចក្លាយជាអ្នកគ្រប់គ្រងក្លិបបាល់ទាត់ដ៏ឆ្នើមម្នាក់នៅលើពិភពលោក។ គេត្រូវតែបន្តធ្វើការតាមរបៀបនេះហើយខ្ញុំសូមជូនពរឱ្យគេមានអនាគតល្អបំផុត”។