
ចាញ់ហើយចាញ់ទៀត គ្រូ Man UTD ទទួលស្គាល់ថា អន់មែន មិនមានលេសទេ
លោក Erik ten Hag អ្នកចាត់ការ Manchester United បាននិយាយថាលោកមានការព្រួយបារម្ភបន្ទាប់ពីក្រុមរបស់លោកទទួលបានលទ្ធផលដ៏អាក្រក់បំផុត ដែលចាញ់ Crystal Palace នៅកីឡដ្ឋាន Old Trafford ។
ក្រុមបិសាចក្រហមបានចាញ់ ៤ប្រកួតក្នុងចំណោម៧ប្រកួតដំបូងនៅ Premier League រដូវកាលនេះ ដែលជាលើកទីមួយចាប់តាំងពីរដូវកាល ១៩៨៩-៩០ ។
វាក៏ជាបរាជ័យក្នុងទឹកដីខ្លួនឯងក្នុងលីគផងដែរ ដោយគ្រាប់បាល់នៅតង់ទីមួយរបស់ Joachim Andersen គ្រប់គ្រាន់ដើម្បីធានាបានបីពិន្ទុសម្រាប់ Palace។
លើកចុងក្រោយដែល Manchester United ចាញ់ពីរប្រកួតជាប់ៗគ្នាក្នុង Premier League គឺទល់នឹង Liverpool និង Manchester City ក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាការប្រកួតក្នុងស្រុកពីរលើកចុងក្រោយរបស់ពួកគេក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ។
លោក Erik Ten Hag បាននិយាយថា “ខ្ញុំយល់ថាអ្នកគាំទ្ររំពឹងជ័យជម្នះពីយើង តែយើងមិនឈ្នះ យើងចាញ់។ ពិតណាស់ វាជាកង្វល់មួយ យើងត្រូវតែមានភាពស៊ីចង្វាក់គ្នា នេះមិនមែនជាអ្វីដែល Manchester United ចង់បានទេ។ អ្វីដែលយើងចង់បានគឺយើងទទួលបានជ័យជម្នះជាបន្តបន្ទាប់។ យើងត្រូវតែធ្វើឲ្យបានល្អជាងពេលនេះ។ ខ្ញុំអាចផ្តល់ហេតុផលដល់អ្នក ប៉ុន្តែអ្នកនឹងពន្យល់វាជាលេស ហើយគ្មានលេសទេ យើងត្រូវឈ្នះ៕”