Ronaldo និង Messi នៅតែឈរលើគេក្នុងបញ្ជី Top Scorer របស់ Juventus និង Barcelona ក្នុងឆ្នាំ២០២១
នៅក្នុងទីផ្សារដោះដូរកីឡាករក្នុងឆ្នាំ២០២១នេះពិតជាធ្វើឱ្យកក្រើកពិភពបាល់ទាត់បំផុតដែលអាចនិយាយថាជារឿងគួរតែចារជាប្រវត្តិសាស្រ្តក្រោយពេលខ្សែប្រយុទ្ធ Cristiano Ronaldo យល់ព្រមផ្ទេរពី Juventus ត្រឡប់មកកាន់ Manchester United វិញបន្ទាប់ពីចាកចេញអស់រយៈពេល១៣ឆ្នាំ ខណៈ Lionel Messi បានសម្រេចចិត្តចាកចេញពីទ្រនំរបស់ខ្លួន FC Barcelona ដោយផ្លាស់ទៅកាន់ Paris Saint Germian។
ការចាកចេញរបស់ខ្សែប្រយុទ្ធទាំង២រូបខាងលើនេះបានធ្វើឱ្យ Juventus និង FC Barcelona ជួបវិបត្តិយ៉ាងខ្លាំងនៅក្នុងតំបន់ប្រយុទ្ធ ជាពិសេសគឺការរកគ្រាប់បាល់ក្នុងការប្រកួតដែលគ្មានវត្តមានរបស់ម្ចាស់ពានរង្វាន់ Ballon d’Or ១២សម័យតែម្តង។
បើទោះបីជាចាកចេញពីក្លឹបតាំងពីបើករដូវកាលថ្មីនេះក្តី ខ្សែប្រយុទ្ធ Crisitano Ronaldo និង Lionel Messi សុទ្ធសឹងតែឈរនៅកំពូលតារាងនៃបញ្ជីស៊ុតបញ្ចូលទីបានច្រើនជាងគេបង្អស់របស់ក្លឹបចាស់ពោលគឺ Ronaldo រកបាន២០គ្រាប់ឱ្យ Juventus ហើយ Messi រកបាន២៨គ្រាប់ឱ្យ Barcelona នៅក្នុងឆ្នាំ២០២១ ដោយមិនមានកីឡាកររូបណាបំបែកបានឡើយ។
គួរឱ្យដឹងថា គិតមកទល់ពេលនេះក្នុងស្ថិតិរបស់គ្រាប់បាល់ជាមួយក្លឹបថ្មី Cristiano Ronaldo ស៊ុតបញ្ចូលទីបាន១៣គ្រាប់ឱ្យ Manchester United ខណៈ Lionel MEssi រកបាន៦គ្រាប់ពីការបង្ហាញខ្លួនចំនួន១៥លើកគ្រប់កម្មវិធីទាំងអស់ឱ្យ PSG។