
Lewandowski ធ្វើបានរឿងមួយក្រោយរួមចំណែកជួយ Bayern Munich លើកពាន German Cup
Robert Lewandowski ធ្វើបានកំណត់ត្រាពិសេសមួយដោយរកគ្រាប់បាល់បញ្ចូលទីច្រើនជាង៥០គ្រាប់ក្នុងមួយរដូវកាល ខណៈ Bayern Munich ផ្ដួល Bayer Leverkusen ដើម្បីក្រសោបយកជើងឯក German Cup និងជាការឈ្នះពានពីរក្នុងមួយរដូវកាលជាលើកទី១៣។
ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ក្រុមជើងឯក Bundesliga យកឈ្នះ៤ទល់នឹង២លើ Bayer Leverkusen ដោយគ្រាប់ទីមួយចេញពីបាល់ហ្វ្រីឃីករបស់ David Alaba នៅនាទី១៦ មុន Serge Gnabry បន្ថែមគ្រាប់ទីពីរនាទី២៤។
ដល់នាទី៥៩គ្រាប់ ក្រោយទទួលបាល់ពីអ្នកចាំទី Mauel Neuer ខ្សែប្រយុទ្ធ Robert Lewandowski ក៏ទាត់ពីចម្ងាយពេញទំហឹង ធ្វើឲ្យអ្នកចាំទី Lukas Hradecky របស់ Leverkusen ទប់មិនជាប់។ Sven Bender បានតែតតាមពីក្រោយមួយគ្រាប់នៅនាទី៦៣។
ចូលដល់នាទី៨៩ Lewandowski ដដែលបន្ថែមការនាំមុខ៤ទល់នឹង១។ តែដល់នាទី៩០បូក៥ទៅហើយ Kai Havertz សម្រេចទីគ្រាប់ទីពីរសម្រាប់ Bayer Leverkusen តាមរយៈបាល់ពិន័យ១១ម៉ែត្រ។
Bayern Munich ក៏បង្កើតកំណត់ត្រា២៦ប្រកួតមិនចាញ់សោះ ដោយស្មើមួយលើកគត់ក្នុងចំណោមនោះចាប់ពីខែធ្នូ ឆ្នាំ២០១៩។ ពួកគេក៏ឈ្នះ១៧ដងជាប់គ្នាទៀតផង។
សម្រាប់ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski វិញក៏រកបាន៥១គ្រាប់ហើយនៅរដូវកាលនេះពីការប្រកួត៤៤លើក៕