គ្រូបង្វឹកថ្មី Manchester United ជម្រុញថ្នាក់ដឹកនាំទិញយកខ្សែប្រយុទ្ធ Erling Haaland ឱ្យបាននៅឆ្នាំក្រោយ
គ្រូបង្វឹក Ralf Rangnick ត្រូវគេរាយការណ៍មកថា បានជំរុញឱ្យថ្នាក់ដឹកនាំ Manchester United ចុះកុងត្រាយកខ្សែប្រយុទ្ធ Erling Haaland ឱ្យបាននៅក្រោយចប់រដូវកាលនេះ ដើម្បីមកពង្រឹងតំបន់ប្រយុទ្ធឱ្យកាន់តែមុទ្ធស្រួចក្នុងការអាចប្រជែងដណ្តើមពានរង្វាន់ផ្សេងៗនារដូវកាលក្រោយបាន។
ប្រភពចចាមអារ៉ាមនៅអង់គ្លេសបានចុះផ្សាយបន្តទៀតថា បិតាបាល់ទាត់អាល្លឺម៉ង់បានធ្វើការទាក់ទងជាមួយឪពុករបស់សមាជិក Borussia Dortmund រួចរាល់ហើយ អំពីលទ្ធភាពនៃការផ្លាស់មក ក៏ដូចជាទីតាំងនៃការលេងនៅទឹកដី Old Trafford ផងដែរ។
យ៉ាងណាក្តី សម្រាប់តម្លៃផ្ទេរចេញរបស់កីឡាករសញ្ជាតិន័រវេសរូបនេះគឺត្រូវបានគេប៉ាន់ប្រមាណមកថាមិនក្រោម២០០លានអឺរ៉ូឡើយនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលបច្ចុប្បន្ននេះដែលជាហេតុធ្វើឱ្យក្លឹបធំៗមួយចំនួនហាក់រអារចិត្តចំពោះការចាយខ្ទង់គណនីដ៏ខ្ពស់បែបនេះ។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធ Erling Haaland នៅសល់កិច្ចសន្យារយៈពេលយូរជាមួយ Borussia Dortmund បន្តទៀតរហូតដល់ឆ្នាំ២០២៤ ខណៈរូបគេក៏មិនធ្លាប់បានបង្ហើបថាខ្លួននឹងចាកចេញពីទឹកដីអាល្លឺម៉ង់ក្នុងពេលឆាប់ៗនេះដូចគ្នា ក្រៅតែពីការនិយាយរបស់ភ្នាក់ងារ Mino Raiola តែប៉ុណ្ណោះ។