វិសាខា និងទ័ពនឹងធ្វើម្ចាស់ផ្ទះបាល់ទាត់ Pre-Season ថ្នាក់ជាតិមួយមាន៦ក្រុមចូលរួម
យ៉ាងហោចណាស់មានក្រុមបាល់ទាត់ចំនួន៦ បានប្រកាសចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Prince Beer Pre-Season Cup 2022 ដែលគ្រោងចាប់ផ្ដើមនៅចុងខែមករា ឆ្នាំ២០២២ ខាងមុខ ស្របពេលដែរពានរង្វាន់នេះគឺជាការត្រៀមខ្លួនដ៏ចាំបាច់មួយដើម្បីបើករដូវកាលពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២២ ខាងមុខនេះ។
ការកំណត់ឈ្មោះពានរង្វាន់ Prince Beer Pre-Season Cup 2022 នេះឡើងបន្ទាប់ពីលោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានគណ:កម្មការប្រតិបត្តិរៀបចំ និងគ្រប់គ្រងដំណើរការព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Prince Beer Pre-Season Cup 2022 និង លោក គឹម ធានី តំណាងក្រុមហ៊ុនស្រាបៀព្រីនស៍ បានចុះអនុសារណៈយោគយល់គ្នា (MOU) ជាម្ចាស់ឧបត្ថម្ភធំប្រចាំព្រឹត្តិការណ៍ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងអគារ Prince Phnom Penh Tower។
លោក អាំង សិរីពិសិដ្ឋ បានថ្លែងអំណរគុណដល់ភាគីក្រុមហ៊ុនស្រាបៀព្រីសន៍ ដែលបានធ្វើជាដៃគូដ៏សំខាន់ក្នុងការដំណើរការកម្មវិធីប្រកួតបាល់ទាត់នេះឡើង ដោយមានឈ្មោះថា«Prince Beer Pre-Season Cup 2022»។ លោកថា៖«យើងរំពឹងថានេះជាផ្នែកមួយដែលចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើស្ទួយកីឡាជាតិរបស់យើង។ យើងឃើញថាមួយទសវត្សចុងក្រោយនេះវិស័យកីឡារបស់យើងមានការរីកចម្រើនខ្លាំង ហើយប្រជាពលរដ្ឋរបស់យើងក៏ចូលចិត្តលេងកីឡាច្រើនដែរ ស្របតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន កន្លងមកថាប្រជាជនម្នាក់លេងកីឡា១ប្រភេទ»។
ទន្ទឹមនឹងគ្នានេះដែរលោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ថែមថា ៖«ខ្ញុំសង្ឃឹមថានេះជាការចាប់ផ្ដើមមួយ ហើយនៅមានសកម្មភាពការងារជាបន្តបន្ទាប់ទៅមុខទៀត ជាមួយក្រុមហ៊ុនស្រាបៀព្រីនស៍ ជាដៃគូនឹងគ្នា។ ឆ្លៀតក្នុងឱកាសនេះសូមអញ្ជើញបងប្អូនអ្នកគាំទ្របាល់ទាត់ជាតិយើងទាំងអស់គ្នា ចូលរួមគាំទ្រ និងតាមដានទស្សនាការប្រកួតពានរង្វាន់ Prince Beer Pre-Season Cup 2022 នេះឱ្យបានច្រើនកុះករទាំងអស់គ្នា»។
លោកបានបន្ថែមថាពានរង្វាន់ Prince Beer Pre-Season Cup 2022 មានក្រុមល្បីៗចំនួន៦ចូលរួម ដោយក្នុងនោះមានក្រុម ភ្នំពេញក្រោន, វិសាខា, បឹងកេត, ព្រៃវែង, កងយោធពលខេមរភូមិន្ទ និងគិរីវង់សុខសែនជ័យ ដោយប្រើប្រាស់កីឡដ្ឋានព្រីនស៍ និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។ តាមគម្រោងពានរង្វាន់នេះនឹងដំណើរការពីថ្ងៃទី២១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែដដែល៕