Pep ព្រមានកូនក្រុម២រូបរឿងចូលក្លិបដាច់យប់
លោក Pep Guardiola អ្នកចាត់ការ Manchester City បានព្រមាន Phil Foden និង Jack Grealish ទាក់ទងទៅនឹងវិន័យផ្ទាល់ខ្លួន។
កីឡាករទាំង២រូបត្រូវបានគេថតជាប់ពេលទៅក្លិបដាច់យប់ ក្រោយឈ្នះ Leeds United ៧ទល់នឹង០ កាលសប្ដាហ៍មុន។ ពួកគេក៏ត្រូវបានលោក Pep ដកឈ្មោះពីជំនួប Newcastle United កាលថ្ងៃអាទិត្យ ទី១៩ ខែធ្នូ។
ថ្លែងក្រោយឈ្នះ Newcastle ០ទល់នឹង៤ លោក Pep ទទូចថា លោកបានតាមដានអត្តចរិតរបស់កីឡាករទាំងក្នុង និងក្រៅទីលាន។ លោកថា ប្រសិនបើនរណាធ្វើទង្វើមិនសមរម្យនៅខាងក្រៅ ក៏លោកមិនដាក់ឲ្យលេងដែរ។ សរុបមក មិនថា ក្នុងឬក្រៅទីលានទេ ម្នាក់ៗត្រូវតែចេះគោរពវិន័យ។ បើមិនអ៊ីចឹងទេ នឹងមិនបានលេងទេ។
Man City បច្ចុប្បន្នកំពុងស្ថិតនៅកំពូលតារាង ហើយជ័យជម្នះលើ Newcastle គឺជាការឈ្នះលើកទី៣៤នៅ Premier League គិតក្នុងឆ្នាំ២០២១នេះ និងជាការយកបាន៣ពិន្ទុពេញ៨លើកជាប់គ្នានៅលីគកំពូល។
Foden និង Grealish ក៏រកបានម្នាក់មួយគ្រាប់ដែរពេលប៉ះ Leeds៕