ប្រធានក្លឹប Real Madrid៖ ការចាប់ឆ្នោត UCL វគ្គ១៦ក្រុមរបស់ UEFA គឺជារឿងអាស្រូវដ៏គួរឱ្យអាម៉ាសបំផុត
លោក Florentino Perez ប្រធានក្លឹប Real Madrid បានចេញមុខមករិះគន់ចំៗតែម្តងលើស្ថាប័នបាល់ទាត់អឺរ៉ុប UEFA ក្រោយពីមានបញ្ហាលើការរៀបចំការចាប់ឆ្នោតការប្រកួតវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League កាលពីម្សិលមិញ។
ក្រុមជើងឯក១៣សម័យដំបូងឡើយត្រូវចាប់ឆ្នោតបានជួបជាមួយជើងខ្លាំងមកពីព័រទុយហ្គាល់ Benfica ប៉ុន្តែប៉ុន្មាននាទីក្រោយមក UEFA បានប្រកាសថា ការចាប់ឆ្នោតត្រូវបានចាត់ទុកជាមោឃៈហើយត្រូវធ្វើឡើងវិញសារជាថ្មីវិញ ដោយសារតែមានបញ្ហាបច្ចេកទេស។ បន្ទាប់ពីធ្វើការចាប់ឆ្នោតជាលើកទី២ Real Madrid ត្រូវបានចាប់ជួបជាមួយក្រុមបងធំបារាំង Paris Saint Germian វិញ ខណៈដែល Benfica ត្រូវជួបជាមួយ Ajax របស់ហូឡង់វិញ។
ភ្លាមៗនោះប្រធានក្លឹប Real Madrid លោក Florentino Perez បានចេញមុខមករិះគន់ដោយមិនសំចៃដៃថា៖ “ការចាប់ឆ្នោត UCL វគ្គ១៦ក្រុមរបស់ UEFA គឺជារឿងអាស្រូវដ៏គួរអាម៉ាស វាមិនមែនជាបច្ចេកទេសនោះទេ។”
គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះ ដោយ Real Madrid នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីបារាំងជួបជាមួយ Paris Saint Germian មុនពេលជួបគ្នាលើកទី២នៅថ្ងៃទី១០ ខែមិនា ក្នុងទឹកដី Santiago Bernabeu របស់អេស្ប៉ាញវិញម្តង។