Ramos ថា នឹងស៊ូស្លាប់ដើម្បី PSG ក្នុងជំនួបទល់ក្រុមចាស់ Real នៅ UCL
“ខ្ញុំស៊ូស្លាប់ដើម្បី PSG”។ នេះជាសម្ដីរបស់ខ្សែការពារ Sergio Ramos បន្ទាប់ពីបានដឹងថា ត្រូវប៉ះក្រុមចាស់ Real Madrid ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League។
អតីតប្រធានក្រុម Real Madrid ខាងលើបានចុះកុងត្រាជាមួយ Paris Saint Germain ២រដូវកាល ក្រោយបញ្ចប់ទំនាក់ទំនង១៦រដូវកាលនៅ Real Madrid។ តាមរយៈសារព័ត៌មាន Goal គេទទួលស្គាល់ថា ជាពេលវេលាដ៏លំបាកក្នុងជីវិតដែលត្រូវប៉ះក្លិបចាស់មានអនុស្សាវរីយ៍ច្រើនបែបនេះ។ យ៉ាងណា Ramos វាដល់ពេលត្រូវការពារ PSG វិញម្ដង។
“អ្នកដឹងទេថា ទំហំក្ដីស្រលាញ់ខ្ញុំចំពោះ Real Madrid ប៉ុនណា។ ឥឡូវខ្ញុំត្រូវការពារ PSG វិញ ហើយខ្ញុំនឹងធ្វើគ្រប់យ៉ាង។ ខ្ញុំនឹងស៊ូស្លាប់ដើម្បី PSG។ ការវិលត្រលប់ទៅ Real Madrid ក្នុងនាមជាគូប្រជែង ខ្ញុំរំពឹងថា នឹងទទួលបានភាពរីករាយ។”
Sergio Ramos ធ្លាប់ប្រាប់សារព័ត៌មានថា មិនចង់ចាកចេញពី Real Madrid ទេ ដោយចង់តកុងត្រា២ឆ្នាំទៀត ប៉ុន្តែលោក Florentino Perez ដែលជាប្រធានក្លិបមានលទ្ធភាពផ្ដល់ឲ្យតែមួយឆ្នាំប៉ុណ្ណោះ ភ្ជាប់នឹងការបញ្ចុះប្រាក់ឈ្នួល។ គេថា រឿងលុយមិនសំខាន់ទេ អ្វីចង់បាន គឺចង់លេង២ឆ្នាំតទៅមុខ។
បន្ទាប់ពីមិនអាចឈានដល់ការយល់ស្របជារួម Ramos បានចាកចេញ និងចូលរួមជាមួយ PSG ដែលផ្ដល់កុងត្រា២ឆ្នាំ និងថ្លៃនឿយហត់៥០ម៉ឺនអឺរ៉ូក្នុងមួយខែ៕