Casillas និងភរិយាប្រកាសចែកផ្លូវគ្នា តែនៅបន្តភារៈជាឪពុកម្ដាយ
លើទំព័រ Twitter ផ្ទាល់ខ្លួន អតីតអ្នកចាំទី Iker Casillas បានបង្ហោះសារមួយថា គេ និងភរិយាបានឈានដល់ការចែកផ្លូវគ្នាហើយ។
“ទាំង Sara និងខ្ញុំមានមោទកភាពចំពោះគ្រួសារដែលយើងបានសាងរួមគ្នា។ យើងអាចចែករំលែកក្ដីស្រលាញ់ដែលធ្វើឲ្យយើងរីករាយ។ យើងនឹងដើរផ្លូវរៀងខ្លួន តែនៅតែបន្តភារៈជាឪពុកម្ដាយរបស់កូនៗជារៀងរហូត។” នេះជាសំណេររបស់អតីតសមាជិក Real Madrid និងជម្រើសជាតិអេស្ប៉ាញ។
បុរសវ័យ៤០ឆ្នាំបញ្ជាក់ថា គេ និងអតីតភរិយា នាង Sara Carbonero នឹងមើលថែកូនៗរួមគ្នា។ ជាមួយគ្នានេះ អ្នកទាំង២ក៏នៅតែរក្សាចំណងមិត្តភាពក្នុងនាមជាមិត្តក្រោយចែកផ្លូវគ្នា។
Carbonero ត្រូវបានគេស្គាល់ថា ស្ថិតក្នុងចំណោមភរិយា និងមិត្តស្រីស្រស់ស្អាតរបស់តារាបាល់ទាត់លើពិភពលោក។ ជាមួយនឹងទេពកោសល្យ និងសម្រស់ស្រស្អាត នាងបានក្លាយជាតារាទូរទស្សន៍ដ៏ល្បីក្នុងប្រទេសអេស្ប៉ាញ។
នាងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាជាច្រើន និងឧស្សាហ៍ទៅណាមកណាជាមួយ Casillas។
ចំណងស្នេហ៍អ្នកទាំង២ត្រូវបានគេដឹងឮក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup 2010។ ក្នុងកិច្ចសម្ភាសមួយ Casillas បានចាប់ថើបមាត់នាង Carbonero។ តាមពិតទៅ ស្វាមីភរិយាទើបលែងលះគ្នានេះ បានចាប់ផ្ដើមទាក់ទងគ្នាតាំងពីឆ្នាំ២០០៩ ហើយបច្ចុប្បន្នមានកូន២នាក់៕