គ្រូបឹងកេត ព្រួយបារម្ភអំពីកម្លាំង និងកាយសម្បទារបស់កីឡាករកំឡុងពេលសម្រាក
នៅក្នុងពេលដែលការប្រកួតលីគត្រូវបានពន្យាពេល និង ត្រូវបានផ្អាកការហ្វឹកហាត់របស់កីឡាករជុំគ្នា ក្រុមការងារបច្ចេកទេសរបស់បឹងកេត បានរៀបចំនូវលំហាត់មួយចំនួន ដើម្បីផ្តល់ឱ្យកីឡាករធ្វើការហ្វឹកហាត់ជាប្រចាំនៅតាមផ្ទះរបស់ពួកគេ ឬកន្លែងគួរសមផ្សេងៗ ដើម្បីរក្សានូវកម្លាំង និងកាយសម្បទាមាំមួន និងរក្សានូវសុខភាពរបស់ពួកគេឱ្យបានល្អ។
លោក Apisit Im-Amphai បានលើកឡើងថា៖ “កីឡាកររបស់យើងព្យាយាមហ្វឹកហាត់តាមអ្វីដែលក្រុមបច្ចេកទេសបានរៀបចំឱ្យបានត្រឹមត្រូវ ដើម្បីអាចឱ្យកម្លាំង និងកាយសម្បទារបស់ពួកគេមានសភាពល្អ និងងាយស្រួលនៅពេលដែលយើងអាចត្រឡប់មកហ្វឹកហាត់ឡើងវិញ ដើម្បីត្រៀមការប្រកួត ” ។ បុរសជនជាតិថៃបានបន្ថែមថា ពួកយើងបានពិភាក្សាគ្នា នឹងបានរៀបចំលំហាត់ឱ្យទៅកីឡាករទាំងអស់អនុវត្តតាមដោយក្នុងនោះរួមមាន លំហាត់រត់ ២០នាទី និង លើកទំងន់ ៣០នាទី ហើយក្រៅពីនោះពួកគេក៏អាចធ្វើលំហាត់ខ្លួនឯងផ្សេងៗ ប្រមាណ ១០នាទីបន្ថែមទៀត ការធ្វើបែបនេះគឺដើម្បីរក្សាស្ថានភាពរាងកាយរបស់ពួកគេឱ្យបានល្អដោយយើងឱ្យពួកគេធ្វើលំហាត់ទាំងនេះ រៀងរាល់ថ្ងៃ និងសំរាក ២ថ្ងៃក្នុង ១សប្តាហ៍ ។
សូមរំលឹកថា ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រួមជាមួយពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល២០២០ ត្រូវបានពន្យាពេលប្រកួត ដោយសារតែជំងឺថ្មីកូវីដ-១៩នេះ ហើយមិនទាន់កំណត់ថ្ងៃវិលមកប្រកួតធម្មតាបាននោះឡើយត្រូវរង់ចាំបញ្ហាជំងឺនេះ ត្រូវបានបញ្ចប់ជាមុនសិន ខណៈគិតត្រឹមថ្ងៃនេះកម្ពុជាបានរកឃើញអ្នកផ្ទុកចំនួន ១២២ នាក់ហើយ នឹងមានអ្នកជាសះស្បើយ ៩៦ នាក់ផងដែរ៕