អ៊ុំ វិចិត្រ ចេញពីក្រោនទៅទ័ពវិញ
អ្នកចាំទី អ៊ុំ វិចិត្រ បានប្រកាសគណនី Facebook របស់ខ្លួនថា នឹងវិលទៅចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទសាជាថ្មី ក្រោយចាកចេញពីភ្នំពេញក្រោន។
កីឡាករធ្លាប់ជម្រើសជាតិកម្ពុជាត្រូវបានក្រុមជើងឯក Cambodian League 2021 ប្រកាសចែកផ្លូវនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ នេះក្រោយចំណាយពេលបាន២រដូវកាល។
វិចិត្រ រៀបរាប់ “៖ ជាដំបូងខ្ញុំបាទសូមអរគុណទៅ ដល់លោកប្រធានក្លិបលោក ឧកញ៉ា ឬទ្ធី សំណាង ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ រួមទាំងអ្នកគាំទ្រក្លិបបាល់ទាត់ភ្នំពេញក្រោនទាំងអស់ ដែលរយៈពីររដូវកាលកន្លងមក ខ្ញុំបាទពិតជារីករាយដែលមានឱកាសចូលរួមនិងធ្វើការជាមួយក្លិបដ៏ធំមួយនេះ ហើយអ្វីដែលមិនអាចបំភ្លេចបានគឺការដែលឈ្នះជើងឯកលីកកំពូលជាលើកទី៧ជាមួយក្លិប និងជាលើកដំបូងរបស់ខ្ញុំបាទ នារដូវកាល២០២១ថ្មីៗនេះ។ ដោយសារតែខ្ញុំបាទជាមន្ត្រីបំរើការនៅ ក្នុងអង្គភាពយោធា ដូច្នេះខ្ញុំមិនអាចបន្តកិច្ចសន្យាថ្មីបន្តទៀតបាន ដោយខ្ញុំបាទត្រូវទៅ បំរើការងារនៅ ក្នុងអង្គភាពវិញ.ជាចុងក្រោយខ្ញុំបាទសូមជូនពរអោយក្លិបបាល់ទាត់ភ្នំពេញក្រោនកាន់តែទទួលជោគជ័យនារដូវកាលក្រោយ ទាំងក្នុងថ្នាក់ជាតិ និងឆាកអន្តរជាតិ”។
គួររំឭកថា អ៊ុំ វិចិត្រ បានចូលរួមជាមួយភ្នំពេញក្រោនក្នុងរដូវកាល២០២០ និងរួមចំណែកឈ្នះជើងឯកកំពូលកម្ពុជា ឆ្នាំ២០២១ នេះ៕