ខ្សែប្រយុទ្ធ Odion Ighalo ត្រៀមត្រឡប់ទៅចិនវិញនៅសប្តាហ៍នេះ ក្រោយផុតកុងត្រាខ្ចីជើងនៅ Man UTD
ក្លឹបបាល់ទាត់ Shangahi Shenhua ត្រូវបានគេរាយការណ៍មកថានឹងយកខ្សែប្រយុទ្ធ Odion Ighalo ត្រឡប់មកប្រទេសចិនវិញ ក្រោយផុតកុងត្រាខ្ចីជាមួយ Manchester United នៅថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ។
កីឡាករវ័យ៣០ឆ្នាំខាងលើបានផ្លាស់មកកាន់ទឹកដី Old Trafford ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីខែមករា ដោយរូបគេបង្ហាញខ្លួនបាន៨លើក ហើយស៊ុតបញ្ចូលទីបាន៤គ្រាប់ផងដែរ មុនពេលដែលបាល់ទាត់អឺរ៉ុបផ្អាកសកម្មភាពដោយសារតែវីរុសកូវីដ១៩។
យោងតាមកិច្ចសន្យា អតីតសមាជិក Watford រូបនេះនឹងត្រូវត្រឡប់ទៅកាន់ប្រទេសបងធំអាស៊ីវិញ ដើម្បីត្រៀមប្រកួតនៅក្នុងក្របខ័ណ្ឌ Chinese Super League ដែលគ្រោងនឹងដំណើរការឡើងវិញក្រោយវីរុសកូវីដ១៩ស្ងប់ស្ងាត់។ ដោយឡែក Shangahi Shenhua ក៏បានបើកទ្វារចំហរសម្រាប់ការស្នើរសុំបន្តកុងត្រាខ្ចីជើងពីក្រុមរហស្សនាមបិសាចក្រហមផងដែរ ប៉ុន្តែបើសិនជាមិនការចរចារនោះទេ អ្វីៗនឹងធ្វើតាមកុងត្រាតែម្តង។
គួរឱ្យដឹងថា ក្លឹបមួយចំនួននៅទ្វីបអឺរ៉ុបកំពុងតែដុតដៃដុតជើងក្នុងការបន្តកុងត្រារយៈពេលខ្លីជាមួយនឹងសមាជិករបស់ខ្លួនដែលផុតកិច្ចសន្យាជាមួយនឹងក្លឹបនៅរដូវកាលនេះ ស្របពេលដែលលីគបាល់ទាត់នៅទ្វីបអឺរ៉ុបនឹងចាប់ផ្តើមធ្វើការប្រកួតឡើងវិញនៅខែក្រោយវិញ។