គ្រូ Chelsea ថា សំណាងល្អហើយដែលបានឈ្នះ Watford រក្សាកំពូលតារាង
វាជារឿងដ៏សំណាងល្អមួយដែលអាចរក្សាតំណែងកំពូលតារាង Premier League ក្រោយទទួលបានជ័យជម្នះយ៉ាងព្រឺព្រួចលើ Watford។ នេះជាការលើកឡើងរបស់លោក Thomas Tuchel អ្នកចាត់ការ Chelsea។
ក្នុងជ័យជម្នះ១ទល់នឹង២លើ Watford ក្រុមភ្ញៀវតោខៀវបានទាត់បញ្ចូលទីនាំមុខក្នុងនាទី២៩ ដោយ Mason Mount មុន Emmanuel Dennis ប្រើបច្ចេកទេសស៊ុតស្មើយ៉ាងស្អាតក្នុងនាទី៤៣។ Hakim Ziyech បានទាត់បញ្ចូលទីគ្រាប់ជ័យជម្នះនាទី៧២។ ដោយឡែក ប្រសិនបើ Chelsea បានត្រឹមស្មើនោះ ពួកគេនឹងរអិលទៅលេខ៣ ដោយសារតែ Manchester City និង Liverpool សុទ្ធតែឈ្នះដូចគ្នា។
“យើងមិនទាន់រួចរាល់សម្រាប់ការប្រកួតទេ។ យើងត្រូវតែបន្ទោសខ្លួនឯង។ យើងរៀបចំមិនបានល្អ។ នេះសំណាងល្អហើយដែលបានឈ្នះនោះ។” នេះជាការថ្លែងរបស់លោក Tuchel។
ក្នុងការប្រកួតនេះ Watford ក៏មានឱកាសរកគ្រាប់បាល់ច្រើនលើកច្រើនសា។
ជ័យជម្នះក្រៅដី៥លើកជាប់គ្នា មានន័យថា Chelsea បន្តគ្រប់គ្រងកំពូលតារាង ដោយនាំមុខមួយពិន្ទុ។ ការប្រកួតនេះក៏ត្រូវបានផ្អាក៣២នាទី ព្រោះមានអ្នកទស្សនាម្នាក់មានបញ្ហាបេះដូង មុនជួយសង្គ្រោះបានវិញ៕