Jose Mourinho បង្កើតកំណត់ត្រាពិសេសមួយនៅ Serie A ក្រោយដឹកនាំ AS Roma ឈ្នះយប់មិញ
AS Roma កាលពីយប់មិញបានយកឈ្នះ Fiorentina ៣ទល់នឹង១ ក្នុងការប្រកួតបើកឆាកនៅក្របខ័ណ្ឌ Serie A រដូវកាល២០២១/២២។
៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើ Henrikh Mkhitaryan និង Jordan Veretout ២គ្រាប់ ខណៈ Nikola Milenkovic គឺជាអ្នករកគ្រាប់បាល់ឱ្យក្រុមភ្ញៀវដែលមានគ្នាត្រឹម១០នាក់។
យ៉ាងណាក្តីសម្រាប់ជ័យជម្នះរបស់ក្រុមរហស្សនាមចចកព្រៃខាងលើនេះបានធ្វើឱ្យគ្រូបង្វឹក Jose Mourinho បានបង្កើតកំណត់ត្រាថ្មីមួយទៀតនៅទឹកដីអ៊ីតាលីផងដែរពោលគឺ ជាគ្រូបង្វឹកដែលឈ្នះការប្រកួត៥០លើកលឿនជាងគេនៅក្របខ័ណ្ឌ Serie A ចាប់តាំងពីឆ្នាំ១៩៩៤-៩៥មកម្ល៉េះ។
គួរឱ្យដឹងថា បុរសរហស្សនាម The Special One ធ្លាប់បានមកកាន់ទឹកដីអ៉ីតាលីម្តងរួចមកហើយ ដោយបានដឹកនាំ Inter Milan កាលពីឆ្នាំ២០០៨-២០១០ផងដែរ ហើយក្នុងអំឡុងពេល៣ឆ្នាំ Joe Mourinho បានឈ្នះពានរង្វាន់ជាច្រើន ជាពិេសសគឺការឈ្នះពានរង្វាន់៣ក្នុងរដូវកាលតែម្តង (Treble)។
សម្រាប់ប្រកួតក្រោយរបស់ AS Roma គឺត្រូវបន្តដំណើរទៅជួបជាមួយ Salernitana នៅក្របខ័ណ្ឌ Serie A នាថ្ងៃទី៣០ ខែសីហា ខាងមុខនេះ។