ក្រោយព័រទុយហ្គាល់ធ្លាក់យប់មិញ មានតែអេស្ប៉ាញទេដែលអាចឈ្នះ Euro ២ដងជាប់គ្នា
ចាប់តាំងពីដំណើរការព្រឹត្តិការណ៍ UEFA Euro លើកដំបូងក្នុងឆ្នាំ១៩៦០មក គឺមានតែក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញប៉ុណ្ណោះដែលជាក្រុមអាចឈ្នះតំណែងជើងឯក២លើកជាប់គ្នា។
ការរក្សាកំណត់ត្រាពុំមានក្រុមណាផ្សេងធ្វើបាននេះ គឺបន្ទាប់ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលជើងឯកឆ្នាំ២០១៦ បានជ្រុះចេញពីការប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ក្រុមដែលមានតារាឆ្នើម Cristiano Ronaldo បានចាញ់បែលហ្ស៊ិក១ទល់នឹង០។ Thomas Munier ជាអ្នកបញ្ជូនឲ្យ Thorgan Hazard ទាត់ពីក្រៅប្រអប់យ៉ាងល្អក្នុងនាទី៤២។
គួរដឹងដែរថា ពានរង្វាន់ Euro ត្រូវបានផ្ដួចផ្ដើមឡើងក្នុងឆ្នាំ១៩៥៨ និងដំណើរការដំបូងក្នុងឆ្នាំ១៩៦០ដែលមានសហភាពសូវៀតជាម្ចាស់ជើងឯក។ សម្រាប់អេស្ប៉ាញជាក្រុមតែមួយគត់ដែលអាចឈ្នះ២លើកជាប់គ្នា នៅឆ្នាំ២០០៨ និង២០១២។ ពួកគេឈ្នះជើងឯកដំបូងក្នុងឆ្នាំ ១៩៦៤។
ចំណែកព័រទុយហ្គាល់បានផ្ដួលបារាំងក្នុងវគ្គផ្ដាច់ព្រ័ត្រកាលឆ្នាំ២០១៦។
សរុបមកទល់ពេលនេះមាន៤ក្រុមហើយដែលបានឡើងទៅកាន់វគ្គ៨ក្រុម Euro 2020 គឺបែលហ្ស៊ិកដែលបានទម្លាក់ព័រទុយហ្គាល់ ត្រូវជួបអ៊ីតាលី។ ចំណែកដាណឺម៉ាកប៉ះសាធារណរដ្ឋឆែកដែលបានទម្លាក់ហូឡង់៕