អ្នកព័ត៌មានហូឡង់ម្នាក់គិតថា ក្រុមខ្លួនធ្លាក់ពី Euro ព្រោះគ្មានខ្សែប្រយុទ្ធកម្រិត World Class
ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់បានធ្លាក់ចេញពីព្រឹត្តិការណ៍ UEFA Euro 2020 ក្រោយចាញ់សាធារណរដ្ឋឆែក២ទល់នឹង០ ខណៈខ្សែការពារ Matthijs de Ligt របស់ហូឡង់ទទួលបានកាតក្រហម។
ជុំវិញលទ្ធផលធ្លាក់នេះដែរ លោក Maarten Elst អ្នកសារព័ត៌មានកីឡាប្រចាំស្ថាប័ន BN DeStem របស់ហូឡង់ យល់ឃើញថា ក្រុមរបស់គេមានឱកាសច្រើន តែអាចសម្រេចទីបាន ព្រោះខ្វះខ្សែប្រយុទ្ធកម្រិត World Class ដែលមានសមត្ថភាពបញ្ចប់ទីច្បាស់ ដូច Lukaku, Ronaldo ជាដើម។
អ្នកព័ត៌មានកីឡាជនជាតិហូឡង់លម្អិត “៖ ហូឡង់មានឱកាសច្រើន តែអត់មានអ្នកសម្លាប់ច្បាស់។ ទោះមាន Wout Weghorst ដែលរកបាន២០គ្រាប់នៅ Wolfsburg តែមើលទៅគេមិនទាន់ដល់កម្រិតសម្លាប់ច្បាស់ទេ។ គេមិនត្រូវនឹងទម្រង់ ៣-៥-២ ឬ ៥-៣-២ ទេ។ ចង់ក្លាយជាជើងឯក World Cup ឬ Euro ត្រូវតែមានអ្នកបញ្ចប់ទីច្បាស់ ដូច Lukaku ឬ Ronaldo អីហ្នឹង។ សម្រាប់ហូឡង់ អត់ទាន់មានទេខ្សែប្រយុទ្ធកម្រិត World Class។”
លោក Maarten Elst មើលឃើញថា ២៥នាទីដំបូង ក្រុមជម្រើសជាតិរបស់លោកគ្រប់គ្រងបានច្រើន តែគ្មានសូម្បីតែមួយជើងចំទី។ លោកថា រឿង De Ligt បានកាតក្រហមហ្នឹងប៉ះពាល់តិចតួចទេ តែអ្វីសំខាន់នោះ អត់ចេះបញ្ចប់ទី។ បើក្រុមឆែកវិញ គេលេងឆ្លាត គេចេះចាំឱកាសដើម្បីផ្ដាច់។ លោកយល់ថា ក្រុមហូឡង់មានក្មេងៗច្រើនដែលអាចធ្វើបានល្អនៅឆ្នាំក្រោយ តែធ្វើម៉េចផ្លាស់ប្ដូរៗចាស់ចេញទៅ ដូចអ្នកចាំទី Maarten Stekelenburg (៣៨ឆ្នាំ), Daley Blind (៣១ឆ្នាំ), Georginio Wijnaldum (៣០ឆ្នាំ) អីហ្នឹង សុទ្ធតែកាន់តែជ្រេទៅហើយ។
គួររំឭកថា ហូឡង់ឈ្នះទាំង៣ប្រកួតក្នុងវគ្គចែកពូល តែបែរជាចាញ់ឆែកដល់ទៅ២ទល់នឹង០ក្នុងវគ្គ១៦ក្រុម៕