លីគកំពូលសប្ដាហ៍ទី១៩ មានគ្រាប់បាល់សរុប២០គ្រាប់
ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជារដូវកាល២០២២បានបញ្ចប់សប្ដាហ៍ទី១៩ នៅថ្ងៃសៅរ៍ ទី០៨ ខែតុលា។ ក្នុងនោះមានការរកគ្រាប់់បាល់បញ្ចូលទីគ្នាទៅវិញទៅមកដល់ទៅ២០គ្រាប់។
ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ទទួលបានលទ្ធផលមិនល្អឡើយ ដោយចាញ់ណាហ្គាវើលដ៍ ២ទល់នឹង៣ លើដីខ្លួនឯង។ ជាមួយគ្នានេះ ខ្សែបម្រើ ជា សំណាង ក៏មានបញ្ហាសន្លប់ទៀត បន្ទាប់ពីត្រូវមួយបាល់ចំមុខពីគួច ដានី។ នេះជាការឈ្នះព្រះខ័នរាជស្វាយរៀង លើកដំបូងសម្រាប់ណាហ្គាវើលដ៍ក្នុងរដូវកាលនេះ។
វិសាខាវិញនៅតែមិនទាន់ឈ្នះបឹងកេតក្នុងលីគ ២០២២ ដោយបានត្រឹមស្មើ២ទល់នឹង២។ ២ជើងមុន បឹងកេតឈ្នះទាំង២។
ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនវិញ បានយកឈ្នះម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ៣ទល់នឹង៥។
មួយគូចុងក្រោយ ម្ចាស់ផ្ទះអង្គរថាយហ្គឺរ បានចាញ់ដល់ទៅ០ទល់នឹង៣លើដីខ្លួនឯង ក្រោមថ្វីជើងកងយោធពលខេមរភូមិន្ទ។ ក្រុមទាំង២ប៉ះគ្នា៣ដងកន្លងមក មានគ្រាប់បាល់ចូលទីដល់ទៅ១៨គ្រាប់។
គួរបញ្ជាក់ថា ក្រោយចប់ជុំទី៣ ក្រុមកំពូលតារាងចំនួន៤នឹងប៉ះគ្នាជាបន្តចំនួន២ជុំ ខណៈក្រុមលេខ៥ដល់លេខ៨ត្រូវអស់ភារកិច្ច៕