Son ទប់ទឹកនេត្រាមិនជាប់ ក្រោយចប់ការប្រកួតភ្លាម
Heung min-son បានសម្រក់ទឹកភ្នែកភ្លាមៗ ក្រោយចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ League Cup ដែល Tottenham Hotspur របស់គេបានចាញ់ Manchester City ១ទល់នឹង០។
ពេលកញ្ចែត្រូវបានបញ្ចប់ Son ទម្លាក់ខ្លួនចុះ ដោយទឹកមុខក្ដុកក្ដួល។ នេះជាបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រសាជាថ្មី ក្រោយចាញ់ Liverpool នៅ UEFA Champions League រដូវកាល២០១៨/២០១៩។
Son ជាកីឡាករម្នាក់គត់ដែលទប់អារម្មណ៍មិនបាន ក្រោយបរាជ័យនេះ។ គេទទួលបានការលើកទឹកចិត្តពី Gareth Bale និងមិត្តរួមក្រុមឯទៀត។
Ilkay Gundogan និង Phil Foden របស់ Manchester City ក៏បានចូលរួមលួងលោមតារាឆ្នើមកូរ៉េខាងត្បូងរូបនេះដែរ។
នេះជារដូវកាលមួយទៀតហើយដែល Tottenham ពុំមានអ្វីក្នុងដៃសោះ។ ពួកគេបានធ្លាក់ចេញពី FA Cup និង Europa League ហើយអស់ឱកាសប្រជែងជើងឯក Premier League។ Spurs លើកពាន League Cup ចុងក្រោយបង្អស់ កាលឆ្នាំ២០០៨ ដែលពេលនោះពួកគេយកឈ្នះ Chelsea ២ទល់នឹង១៕