រឿងរ៉ាវគួរដឹងក្រោយ Man City ស៊ី Spurs យកពាន League Cup ៤ដងជាប់គ្នា
មួយក្បាលពី Aymeric Laporte នៅនាទី៨២បានផ្ដល់ជ័យជម្នះ១ទល់នឹង០ដល់ Manchester City លើ Tottenham Hotspur ឈានទៅលើកពាន EFL Cup ជាលើកទី៤ជាប់ៗគ្នា។
ខាងក្រោមជារឿងរ៉ាវពិសេសៗមួយចំនួនបន្ទាប់ពីចប់ការប្រកួត ៖
១. Manchester City ឈ្នះ League Cup ជាលើកទី៨ ស្មើ Liverpool។ ពួកគេក៏ជាក្រុមទី២ដែលឈ្នះពាននេះ៤លើកជាប់ៗគ្នា បន្ទាប់ពី Liverpool ធ្វើបានពីចន្លោះឆ្នាំ១៩៨១ដល់១៩៨៤។
២. មានតែ Arsenal ទេដែលចាញ់ផ្ដាច់ព្រ័ត្រ League Cup ច្រើនជាង Tottenham។ Arsenal (៦ដង) និង Spurs (៥ដង)។ នេះជាការចាញ់វគ្គផ្ដាច់ព្រ័ត្រ៣លើកចុងក្រោយសម្រាប់ Spurs ក្នុងពាន League Cup។ ២លើកមុនចាញ់ Manchester United (២០០៨/២០០៩ និងចាញ់ Chelsea ២០១៤/២០១៥)។
៣. Manchester City ឈ្នះ១៩ដងក្នុងចំណោម២៥ប្រកួតនៅ League Cup ក្រោមការដឹកនាំពីលោក Pep Guardiola (ក្នុងនោះស្មើ៤ និងចាញ់២)។ មានតែលោក Roy Evans ប៉ុណ្ណោះដែលមានភាគរយឈ្នះច្រើនបំផុតក្នុងការប្រកួត League Cup (៧៨,៣ភាគរយ) និងលោក Pep (៧៦ភាគរយ)។
៤. Tottenham មានឱកាសស៊ុតតែ២ដងពេលប៉ះ Man City ខណៈក្រុមលោក Pep ស៊ុត២១ដង។
៥. លោក Pep Guardiola ក្លាយជាអ្នកចាត់ការដំបូងគេដែលឈ្នះពាននេះជាប់ៗគ្នា។ បើនិយាយពីការឈ្នះក្នុងនាមជាអ្នកចាត់ការវិញ គឺលោក Pep ស្មើលោក Brian Clough, Alex Ferguson និង Jose Mourinho។
៦. Aymeric Laporte ក្លាយជាកីឡាករបារាំងទី៣ដែលរកគ្រាប់បាល់បញ្ចូលទីក្នុងវគ្គផ្ដាច់ព្រ័ត្រ League Cup បន្ទាប់ពី Louis Saha ធ្វើបាននៅ Manchester United កាលឆ្នាំ២០០៦ និង Samir Nasri នៅ Manchester City ឆ្នាំ២០១៤។
៧. Kevin de Bruyne បញ្ជូនបាន១៧ដងនៅរដូវកាលនេះ ច្រើនជាងកីឡាករឯទៀតនៅ Premier League ពីគ្រប់កម្មវិធី។
៨. Ryan Mason របស់ Spurs ជាអ្នកចាត់ការក្មេងបំផុតក្នុងវគ្គផ្ដាច់ព្រ័ត្រ League Cup (២៩ឆ្នាំ និង៣១៦ថ្ងៃ)។ ម្ចាស់កំណត់ត្រាចាស់ គឺលោក Gianluca Vialli កាលនៅ Chelsea ក្នុងឆ្នាំ១៩៩៨ ដែលពេលនោះ មានអាយុ៣៣ឆ្នាំ និង២៦៣ថ្ងៃ៕