Man United ត្រៀមលុយ១ខែ១លានដុល្លារដើម្បីបន្តកុងត្រាថ្មី៥ឆ្នាំទៀតជាមួយខ្សែការពារ Luke Shaw
Manchester United ត្រូវគេរាយការណ៍មកថា ត្រៀមកញ្ចប់ទឹកលុយ១ខែប្រមាណ១លានដុល្លារសហរដ្ឋអាមេរិកដើម្បីត្រៀមបន្តកុងត្រាថ្មីជាមួយខ្សែការពារស្លាបឆ្វេង Luke Shaw។
សម្រាប់កុងត្រាថ្មីរយៈ៥ឆ្នាំបន្ថែមដែលក្រុមបិសាចក្រហមបានផ្តល់ឱ្យសមាជិកក្រុមតោកំណាចអង់គ្លេសគឺទទួលបានថ្លៃនឿយហត់ចំនួន១៩ម៉ឺនផោនក្នុង១សប្តាហ៍ ខណៈដែលកុងត្រាចាស់របស់គេគឺទទួលបាន១៥ម៉ឺនផោនក្នុង១សប្តាហ៍។
កីឡាករដែលកើតនៅឆ្នាំ១៩៩៥រូបនេះបានក្លាយជាកំលាំងដ៏សំខាន់របស់គ្រូបង្វឹក Ole Gunnar Solskjaer នារដូវកាលនេះ ជាពិសេសរូបគេបានក្លាយជាកីឡាករដែលបង្កើតឱកាសឱ្យមិត្តរួមក្រុមបានច្រើនជាងគេបង្អស់ថែមទៀតផងក្នុងចំណោមកីឡាករទាំងអស់នៅក្របខ័ណ្ឌកំពូលទាំង៥នៅតំបន់អឺរ់ុប
អតីតសមាជិក Southampton រូបនេះបានផ្លាស់មកកាន់ទឹកដី Old Trafford កាលពីឆ្នាំ២០១៤ក្រោមរជ្ជកាលដឹកនាំរបស់គ្រូបង្វឹក Louis Van Gaal ដោយរូបគេគឺជាខ្សែការពារវ័យក្មេងដែលមានតម្លៃខ្លួនថ្លៃជាងគេបង្អស់នាពេលនោះផងដែរ។ គួរឱ្យដឹងថា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះជាមួយ Manchester United កីឡាករវ័យ២៥ឆ្នាំរូបនេះបង្ហាញខ្លួនបានចំនួន១៨០ប្រកួតគ្រប់កម្មវិធីទាំងអស់ដោយរូបគេស៊ុតបញ្ចូលទីបានចំនួន៣គ្រាប់ ហើយបានឈ្នះពានរង្វាន់ FA Community Shield និង UEFA Europa League ផងដែរ។