ទោះបីទីលានរួចរាល់ ទាន់ការប្រកួតលីគជើងទី១ ក៏ក្លិប Tiffy Army មិនអាចប្រើបានដែរ
ស្មៅកីឡដ្ឋានបាល់ទាត់ស្តាតចាស់ ដែលប្រើប្រាស់ដោយក្រុមបាល់ទាត់ TIFFY ARMY Football Club-សមាគមកីឡាបាល់ទាត់ ខ ភ ម បានឈានដល់ដំណាក់កាលដាំស្មៅធម្មជាតិ ដោយគ្រោងរួចរាល់ក្នុងខែ កក្កដា ២០២១ នេះ ។
លោក ខូវ ឆាយ អគ្គលេខាធិការក្លិប សមាគមកីឡាបាល់ទាត់ ខ ភ ម បានបញ្ជាក់ប្រាប់ MSR SPORT ថា តាមការវិភាគទីលានស្មៅធម្មជាតិរបស់យើងអាចរួចរាល់១០០ភាគរយអាចប្រើប្រាស់បានក្នុងខែ កក្កដា ២០២១ តាមការកំណត់ទាន់ប្រកួតលីគជើងទី២ ។ រឿងមួយទៀត បើសិនការប្រកួតលីគកំពូលជើងទី១នៅតែបន្តពន្យាពេលដោយសារ កូវីដរហូតទីលានយើងធ្វើហើយ ក៏យើងមិនអាចប្រើប្រាស់ប្រកួតសម្រាប់ម្ចាស់ផ្ទះបានក្នងជើងទី១ដែរ ។
លោកបញ្ជាក់មូលហេតុថា ដោយសារយើងបានស្នើសុំសហព័ន្ធប្រកួតជើងទី១នៅក្រៅដីទាំងអស់ ដោយរង់ចាំជើងទី២ទើបធ្វើម្ចាស់ផ្ទះពេលទីលានរួចរាល់ ដូច្នេះការរៀបចំពេលវេលាប្រកួតមិនអាចផ្លាស់ប្ដូរបានឡើង ទោះបីទីលានធ្វើរួចមុនកំណត់ក៏ដោយ ។
សូមបញ្ជាក់ថាទីលានកីឡដ្ឋានស្តាតចាស់យើងចាប់ផ្តើមធ្វើនៅដើមឆ្នាំ២០២១នេះដោយប្តូស្មៅចាស់ចោលទាំងអស់ហើយដាក់ស្មៅធម្មជាតិស្តង់ដានិងប្រព័ន្ធស្រោចទឹកដោយស្វ័យវិត្ត ។ ក្រុមហ៊ុនរបស់លោក ប៊ួយ ដារី ជាអ្នកទទួលសិទ្ធធ្វើជាមួយក្រុមការងាររបស់លោកដែលមានបទពិសោធធ្វើកីឡដ្ឋាន SMART RSN និង SRU នៅខេត្តសៀមរាប ដូចនេះទម្រង់នៃការផ្លាស់ប្តូរស្មៅនេះដូចទៅហ្នឹងកីឡដ្ឋានទាំងពីរនេះដែរ ។
ការជួសជុលនេះគ្រោងចំណាយថវិកាប្រមាណ ១៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយអាចគ្រោងនឹងរួចរាល់ក្នុងអំឡុងខែ មិថុនា ឆ្នាំ ២០២១ នេះ ៕