PSG ពាក់អាវមានអក្សរ និងលេខពណ៌មាសអបអរការឈ្នះ Ballon D’Or ទី៧របស់ Messi
PSG បានរចនាអាវយ៉ាងពិសេសសម្រាប់កីឡាករក្នុងការប្រកួតតទល់ Monaco ក្នុងក្របខណ្ឌ Ligue 1 នៅថ្ងៃអាទិត្យទី១២ ខែធ្នូ ។
បន្ទាប់ពីបានអបអរសាទរចំពោះមុខអ្នកគាំទ្រក្នុងដីខ្លួនឯងកាលថ្ងៃទី០២ ខែធ្នូ ចំពោះការឈ្នះបាល់មាសទី៧របស់ Lionel Messi ហើយ PSG នៅតែបន្តមានសកម្មភាពស្រដៀងគ្នាដើម្បីបង្ហាញការគោរពចំពោះខ្សែប្រយុទ្ធឆ្នើមរូបនេះ។
អក្សរ និងលេខទាំងអស់នៅខាងក្រោយអាវ PSG ត្រូវបានផ្លាស់ប្តូរពីពណ៌សទៅជាពណ៌មាសយ៉ាងទាក់ទាញ។
គណនី Barca Galaxy បានសរសេរថា “៖ចាប់តាំងពីថ្ងៃដំបូងដែលគាត់មកដល់ក្រុងប៉ារីស Messi ទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅ”។ ចែករំលែកមតិដូចគ្នា អ្នកគាំទ្រម្នាក់បានថ្លែងថា ៖ “Messi ពិតជាសប្បាយចិត្តនៅ PSG។”
Paris Saint Germain បានឈ្នះ Monaco ២ទល់នឹង០ រកបានដោយ Kylian Mbappe ទាំង២គ្រាប់។ Messi ក៏បាន assist គ្រាប់ទី២ឲ្យ Mbappe។
ទន្ទឹមនឹងនេះក្នុងវ័យ២២ឆ្នាំ និង៣៥៧ថ្ងៃ Mbappe ក្លាយជាកីឡាករវ័យក្មេងបំផុតដែលរកបាន១០០គ្រាប់នៅ Ligue 1 សម្រាប់ PSG និងជាកីឡាករក្មេងជាងគេដែលរកបាន១០០គ្រាប់សម្រាប់ក្លិបមួយនៅក្របខណ្ឌកំពូលបារាំង។
Paris Saint Germain មាន៤៥ពិន្ទុពីការប្រកួត១៨លើក ច្រើនជាងក្រុមលេខ២ Marseille ដែលលេងបាន១៧ប្រកួត ចំនួន១៣ពិន្ទុ៕