ញញួរយក្ស West Ham ចង់បានអតីតកីឡាកររបស់តោខៀវ Chelsea Salomon Kalou
(BC-99)
កីឡាករដែលជួយអោយតោខៀវ Chelsea ឈ្នះរង្វាន់ Champions League Salomon Kalou ត្រូវបានរាយការណ៍ថានឹងត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញដោយចូលរួមជាមួយក្លិបញញួរយក្ស West Ham United ក្រោយពីផុតកិច្ចសន្យាជាមួយក្លិប Hertha Berlin។
ក្រុម Hertha Berlin ដែលឋិតនៅក្នុងក្របខណ្ឌកំពូលអាឡឺម៉ង់ Bundesliga កំពុងតែឈានដល់កិច្ចព្រមព្រៀងដ៏អស្ចារ្យមួយដែលហ៊ានចំណាយទឹកប្រាក់ ២៧ លានផោនសម្រាប់ទិញយកខ្សែប្រយុទ្ធ Krzysztof Piatek របស់ក្លិប AC Milan ។ ច្បាស់ណាស់ Kalou ដែលមានវ័យ ៣៤ ឆ្នាំទៅហើយនោះនឹងមិនស្ថិតក្នុងផែនការដាក់អោយប្រកួតរបស់អ្នកចាត់ការទូរទៅ Jurgen Klinsmann សម្រាប់រដូវកាលដែលនៅសល់នេះទេ។
ក៏ប៉ុន្តែវាបានប្រែទៅជាជម្រើសល្អសម្រាប់ West Ham ទៅវិញដោយលោក David Moyes ចង់ចាប់យកខ្សែប្រយុទ្ធដ៏ឆ្នើមរូបនេះយកមកជួយក្រុមដែលខ្លួនកំពុងតែដឹកនាំអោយងើបចេញពីតំបន់កាត់ចោល។ អតីតអ្នកចាត់ការទូរទៅរបស់ Everton និង Manchester United រូបនេះបានបង្ហាញការជឿជាក់របស់ខ្លួនដោយពឹងផ្អែកទៅលើសមត្ថភាពដែលកីឡាករកូឌីវ័ររូបនេះធ្លាប់ជួយអោយ Chelsea ឈ្នះពានរង្វាន់សំខាន់ៗថានឹងអាចជួយស្រោចស្រង់ West Ham បានជាមិនខាន។
គួររំលឹកដែរថា Kalou បានជួយអោយតោខៀវឈ្នះពានរង្វាន់ Premier League នៅឆ្នាំ ២០១០ ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ហើយក៏បានឈ្នះពាន FA Cup ចំនួន ៤ ដងដែរ។ ជាពិសេសគេគឺជាអ្នករួមចំណែកជួយអោយ Chelsea ឈ្នះពាន Champions League ដំបូងក្នុងប្រវត្តិសាស្ត្រក្លិបទៀតផង។ ប៉ុន្តែភាពរុងរឿងរបស់គេក៏បានស្រអាប់រស្មីទៅវិញនៅពេលដែលគេបានចាកចេញពី Chelsea ទៅ Lille ។