ប្រពន្ធ Romero មិនសប្បាយចិត្តរឿង Man UTD មិនឲ្យប្ដីខ្លួនចេញនៅថ្ងៃចុងក្រោយ
អ្នកនាង Eliana Guercio ភរិយារបស់ Sergio Romero បានបង្ហាញការមិនពេញចិត្តពេល Manchester United មិនអនុញ្ញាតឲ្យអ្នកចាំទីអាហ្សង់ទីនចាកចេញនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូររដូវក្តៅឆ្នាំ ២០២០ ។
Eliana បានចែករំលែកនៅលើទំព័រ Instagram ផ្ទាល់ខ្លួនថា “៖ Sergio Romero បានខិតខំប្រឹងប្រែងលះបង់ដើម្បីក្លិប។ Man Utd រួមជាមួយរូបគេបានលើកពានចុងក្រោយដែលពួកគេបានឈ្នះ។ គេបានរួមចំណែកជួយក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។ គាត់បានត្រឹមអង្គុយមើលពីកៅអីបម្រុងពេលក្រុមចាញ់។ ក្លិបគួរតែដោះលែងគាត់ដើម្បីគាត់មានឱកាសទៀត។”
អំឡុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ Romeroទទួលបានការចាប់អារម្មណ៍ពី Everton។ អ្នកចាត់ការ Carlo Ancelotti ចង់បន្ថែមរូបលោកទៅក្រុម ពេលអ្នកចាំទី Jordan Pickford មិនរក្សាគុណផលបានល្អ ដោយឧស្សាហ៍ភ្លាត់។ បច្ចុប្បន្ន Everton នាំមុខគេក្នុងតារាង Premier League ដូច្នេះពួកគេត្រូវការអ្នកចាំទីដ៏ល្អមួយដើម្បីរក្សាតំណែង។
ទន្ទឹមនឹងនេះ Romero ក៏បានក្លាយជាជម្រើសទី៣ ក្រោយ Dean Henderson ត្រឡប់មកពី Sheffield United ។ ជាមួយនឹង David de Gea និង Henderson នៅក្នុងក្រុម Romero ហាក់លែងមានឱកាសទៀតហើយ។ គេគួរតែរកទ្រនំថ្មីប្រសិនបើចង់បន្តអាជីព។
រដូវកាលមុន Romero លេងបាន១៧ប្រកួតគ្រប់កម្មវិធី ហើយរបូត៥គ្រាប់ និងរក្សាសំណាញ់ទីបាន១២ដង។
Romero បានផ្លាស់ទៅ Man Utd នៅរដូវក្តៅ២០១៥ ពី Sampdoria ។ នៅ Old Trafford គេលេងបាន៦១ប្រកួត របូត២៧គ្រាប់ និង Clean Sheet ៣៩ ដង។ អ្នកចាំទីវ័យ៣៣ឆ្នាំ រួមចំណែកឈ្នះ Europa League រដូវកាល ២០១៦/១៧ ៕