ធន់ ចាន់តាក់ ៖ ខ្ញុំហាត់ពេញល្អណាស់ដើម្បីចង់បានខ្សែក្រវាត់ចូលក្លិប
ម្ចាស់ជើងឯកក្រុមទី១ប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាមកម្មវិធីកម្ពុជាសង្វៀនកីឡាករគុនខ្មែរ ធន់ ចាន់តាក់ នឹងត្រូវប៉ះម្ចាស់ជើងឯកក្រុមទី២កីឡាករថៃ រិទ្ធអៃយ៉ារ៉ា ដើម្បីដណ្តើមខ្សែក្រវាត់ នាថ្ងៃ សៅរ៍ ទី ០១ ខែ គុម្ភៈ នេះនាសង្វៀន CBS ចាប់ពីម៉ោង ៨.១៥ នាទីព្រឹកតទៅ ។ កូនសិស្សរបស់លោក ធន់ សុភា បានរៀបរាប់ថា ការហ្វឹកហាត់បានយកចិត្តទុកដាក់ដើម្បីត្រៀមអោយបានល្អ ទាំងកម្លាំងនិងបច្ចេកទេសបន្ថែមមុនការប្រកួតមកដល់ ដូចនេះរូបគេជឿជាក់ថានឹងអាចយកខ្សែក្រវាត់មកកាន់ក្លិបក្រសួងការពារជាតិបាន ។
គួររំលឹកផងដែរថា ធន់ ចាន់តាក់ ជាម្ចាស់ជើងឯកក្នុងក្រុមទី១ដែលមានកីឡាករគុនខ្មែរ៤និងថៃ៤រូប ខណៈរូបគេបានឈ្នះកីឡាករថៃ ភិតណងប៊ី ដោយពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្រ ចំណែកដៃគូរបស់គេកីឡាករថៃ រិទ្ធអៃយ៉ារ៉ា ដែលជាម្ចាស់ជើងឯកក្នុងក្រុមទី២ បានយកឈ្នះពិន្ទុកីឡាករគុនខ្មែរ សេក គឹមរួច ។ សូមបញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវាត់នេះអ្នកឈ្នះនឹងទទួលបានទឹកប្រាក់ចំនួន៦០០០ ពាន់ដុល្លារ ៕