វេង សុភ័ក្រ ចាញ់ តាញ់ មករា ប៉ុន្តែទទួលបាន៣ពិន្ទុ ក្នុងពូល B ខ្សែក្រវាត់គោជល់
កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក ពូល B កីឡាករ វេង សុភ័ក្រ ទទួលបាន ៣ ពិន្ទុដោយស្វ័យប្រវត្តិ ទោះបីចាញ់កីឡាករ តាញ់ មករា ក្នុងការប្រកួតកាលពីម្សិលមិញ នាសង្វៀន CNC ឬស្សីកែវ ។ ការដែល វេង សុភ័ក្រ ទទួលបាន៣ពិន្ទុនេះ ដោយសារមុនការប្រកួត តាញ់ មករា រក្សាទម្ងន់ ៦០ គីឡូក្រាមមិនបាន ទើបត្រូវចាញ់ដោយស្វ័យប្រវត្តិ ហើយការប្រកួតរវាងអ្នកទាំងត្រឹមមិត្តភាពធម្មតាតែប៉ុណ្ណោះ ។
សម្រាប់ការប្រកួតក្នុងពូល B មួយគូទៀត សោម វិឆ័យ រកបាន៣ពិន្ទុ បន្ទាប់ពីឈ្នះ ឡុង ឡា ដោយពិន្ទុឯកច្ឆ័ន្ត ៥ ទល់ ០ ។ ដូច្នេះពូល B កីឡាករ សោម វិឆ័យ មាន ៣ ពិន្ទុ , វេង សុភ័ក្រ មាន ៣ ពិន្ទុ , ឡុង ឡា មាន១ពិន្ទុ និង តាញ់ មករា មាន០ពិន្ទុ ។
ចំណែកពូល A វិញ ម៉ឺន មេឃា និង ឈុត សេរីវាន់ថង មាន ៣ ម្នាក់ពិន្ទុ ខណៈ សូត្រ វាសនា និង ឡុង ជិន មានម្នាក់១ពិន្ទុ ។ នៅថ្ងៃ សៅរ៍ សប្តាហ៍នេះ ឈុត សេរីវ៉ាន់ថង ត្រូវប៉ះ សូត្រ វាសនា និង ម៉ឺន មេឃា ជួប ឡុង ជិន ចាប់ពីម៉ោង ៦ ល្ងាចនាសង្វៀន CNC ៕