ឡៅ ចិត្រា ថាប៉ះ ឌិនណាផូ បានអោយតែគីឡូស្មើគ្នា
ក្រោយផ្តួលកីឡាករថៃ យ៉តកុស៊ុន ត្រឹមទឹកទី២ កាលពីម្សិលមិញនាសង្វៀន ស៊ី អ៊ិន ស៊ី មានអ្នកគាំទ្រជា ច្រើនចង់អោយ ឡៅ ចិត្រា ប៉ះជាមួយកីឡាករថៃកាត់បារាំង ឌិនណាផូ ដែលធ្លាប់ឈ្នះពិន្ទុ ឃុន ឌីម៉ា នាទឹកដីខេត្តកំពង់ធំ នាពេលកន្លងមក ។
អ្នកប្រដាល់ខេត្តកំពង់ស្ពឺបានប្រាប់ MSR SPORT ថា សម្រាប់ការប៉ះ ឌិនណាផូ ពិបាកបន្ថិចដោយសារកីឡាករថៃម្នាក់នេះល្អហើយទម្ងន់ធ្ងន់ជាងគេច្រើនដូចនេះអាចចាញ់កម្លាំងគេ ប៉ុន្តែបើ ឌិនណាផូ ព្រមប្រកួត ៦០ គីឡូក្រាមគឺអាចស្វាគមន៍បានគ្រប់ពេល ។
សូមបញ្ជាក់ថា ឌិនណាផូ ជាកីឡាករម្នាក់ដែលធ្លាប់ឈ្នះចាញ់ជាមួយ មឿន សុខហ៊ុច និងធ្លាប់ឈ្នះកីឡាករខ្មែរ ជាច្រើនផងដែរ ហើយប្រកួតចុងក្រោយនៅទឹកដីកម្ពុជាគេបានយកឈ្នះ ឃុន ឌីម៉ា ខណៈអ្នកគាំទ្រជាច្រើនចង់អោយប៉ះ ឡៅ ចិត្រា បន្ទាប់ពី ចិត្រា ឈ្នះ ម៉ៃសុទ្ធ និងផ្តួល យ៉តកុស៊ុន ទឹកទី២ ដែលកីឡាករថៃទាំងពីរនាក់នេះសុទ្ធតែធ្លាប់ប៉ះ ឌិនណាផូ នៅស្រុកថៃ ៕