Scholes ៖ Bruno លេងល្អជាងខ្ញុំ
លោក Paul Scholes អតីតកីឡាករឆ្នើម Manchester United និយាយថា ខ្សែបម្រើបិសាចក្រហមបច្ចុប្បន្ន គឺ Bruno Fernandes ពិតជាអ្នកលេងដ៏ឆ្នើមមួយរូប ហើយគេនឹងក្លាយជាសមាជិកស្នូលមិនអាចខ្វះបានសម្រាប់ក្រុម។
“Fernandes ល្អហួស។ បើមកដល់ចំពេល Man UTD គ្មានបញ្ហា ខ្ញុំគិតថា ប្រហែលជាធ្វើបានល្អជាង Liverpool ទៀត។ ពួកយើងចាប់ផ្ដើមអត់ល្អទេ តែយើងអាចងើបឡើងវិញមកដល់លទ្ធផលដូចបច្ចុប្បន្ន។ បើប្រៀបធៀបខ្ញុំ និង Fernandes វិញ គឺគាត់ទាត់ចូលច្រើនជាងខ្ញុំ និងបញ្ជូនច្រើនជាងខ្ញុំ។” នេះបើតាមការអះអាងរបស់ Paul Scholes។
ក្នុងការប្រកួតចុងក្រោយបង្អស់នៅ Premier League កាលថ្ងៃសៅរ៍ ទី២៦ ខែធ្នូ Fernandes រកបានគ្រាប់បាល់ និងបញ្ជូនឲ្យមិត្តរួមក្រុមក្នុងការប្រកួតស្មើជាមួយ Leicester City នៅកីឡដ្ឋាន King Power។
ចាប់តាំងពីផ្លាស់ទៅ Old Trafford កីឡាករជនជាតិព័រទុយហ្គាល់រួមចំណែកច្រើនជាងពាក់កណ្ដាលនៃគ្រាប់បាល់សរុបរបស់ Man UTD ពោលក្នុងចំណោម៦០គ្រាប់ គេពាក់ព័ន្ធ៣១គ្រាប់ទៅហើយ ដោយទាត់ចូល១៧គ្រាប់ និងបញ្ជូន១៤ដង។ Scholes ថា បើបានលេងជាមួយអតីតសមាជិក Sporting Lisbon រូបនេះ គឺពិតជាអស្ចារ្យណាស់។
គួររំឭកថា Manchester United បានចំណាយប្រាក់៥៥លានអឺរ៉ូដើម្បីទិញ Bruno Fernandes ពី Sporting Lisbon កាលខែមករា ឆ្នាំ២០២០៕