Wilfried Zaha ធ្វើកិច្ចការមនុស្សធម៌នៅប្រទេសកំណើតក្នុងអំឡុងពេលកំពុងមានជំងឺរាតត្បាត
(BC-99)
ក្រោយពីក្របខណ្ឌបាល់ទាត់កំពូល អង់គ្លេស ត្រូវបានផ្អាកជាបណ្តោះអាសន្ន Wilfried Zaha បានងាកមកជួយប្រទេសកំណើតរបស់ខ្លួនដោយបានបំពេញកាយវិការសប្បុរសធម៌និងបានកាត់ប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន ១០ ភាគរយដើម្បីយកទៅទិញសម្ភារគ្រឿងឧបភោគបរិភោគចែកជូនដល់អ្នកខ្វះខាតក្នុងអំឡុងពេលកើតជំងឺឆ្លង Covid-19 ។
តាមរយៈមូលនិធិដែល Zaha បានដាក់ឈ្មោះថា Tomorrow Hope គេបានឃើញមនុស្សចាស់និងអ្នកលំបាកតោកយ៉ាកនៅតាមតំបន់ដាច់ស្រយាលនៃប្រទេស កូឌីវ័រ បានទទួលស្បៀងអាហារបម្រុងដើម្បីបំពេញនូវសេចក្តីត្រូវការរបស់ពួកគេ បើទោះជាវាមិនបានជួយអោយបានគ្រប់គ្រាន់យ៉ាងណាក្តីតែវាជាចំណែកមួយដែលជួយអោយពួកអ្នកអត់ឃ្លានដែលកំពុងតែគេចខ្លួនពីវីរុសរាតត្បាតទាំងនោះអាចបន្តក្តីសង្ឃឹមរបស់ខ្លួនបានមួយភាគធំដែរ។ ដោយសារតែ Covid-19 វាបានធ្វើអោយហាងអាហារនិងសាលារៀនត្រូវបានបិទហើយការកើនឡើងពីចំនួនអ្នកអត់ឃ្លានក៏ចាប់ផ្តើមឡើង។
រថយន្តដឹកទំនិញដែលមានផ្ទុកនូវសំភារៈចាំបាច់ដែលរួមមាន អង្ករ ប៉េងប៉ោះ ប្រេងឆា សាប៊ូនិងសម្លៀកបំពាក់ ត្រូវបានចែកចាយដោយឥតគិតថ្លៃដល់អ្នកដែលត្រូវការនៅទូទាំងប្រទេសមួយនេះ។ Zaha បានចាត់តាំងអោយ Carin ដែលជាបងប្រុសរបស់ខ្លួនដឹកនាំក្រុមការងារចំនួន ៧ នាក់ផ្សេងទៀតអោយចុះទៅដល់ទីលំនៅប្រជាជនដើម្បីប្រាប់ពួកគេពីរបៀបរក្សាសុវត្ថិភាពនៅចំពោះមុខ Covid-19 ដោយមានការណែនាំស្តីពីការលាងដៃ ពាក់ម៉ាស់ និងក្តោបច្រមុះនៅពេលកណ្តាស់។
គួរបញ្ជាក់ដែរថាកីឡាករខ្សែប្រយុទ្ធរបស់ក្រុម Crystal Palace វ័យ ២៧ ឆ្នាំរូបនេះក៏ត្រូវបានប្រជារាស្ត្រ អង់គ្លេស កោតសរសើរចំពោះការផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃដល់បុគ្គលិកជួរមុខរបស់គ្រូពេទ្យដែលចូលរួមប្រយុទ្ធប្រឆាំងផ្ទាល់ជាមួយមេរោគឆ្លងនៅក្នុងទីក្រុង London ផងដែរ។