កាន់តែក្ដៅគគុករឿងខ្សែប្រយុទ្ធវិសាខា Haber ផ្ទេរទៅព្រះខ័នរាជស្វាយរៀង
ប៉ុន្មានថ្ងៃចុងក្រោយនេះ កាន់តែមានការជជែកច្រើនពីរឿងខ្សែប្រយុទ្ធ Marcus Haber ផ្លាស់ចេញពីវិសាខាទៅកាន់ក្រុមគូប្រជែងព្រះខ័នរាជស្វាយរៀង។
គេមិនទាន់ឃើញប្រតិកម្មណាមួយពីភាគីក្លិបទាំង២ទេ។
Haber ដែលធ្លាប់ជាប់ជម្រើសជាតិកាណាដាផងនោះ បានចូលរួមជាមួយវិសាខាក្នុងរដូវកាល២០២១នេះ។ កីឡាករវ័យ៣២ឆ្នាំរកបាន១៧គ្រាប់ពីការចូលលេង១៧ប្រកួត និង assist បាន៩ដង។
ព័ត៌មាននៃការផ្ទេរនេះកើតឡើង ក្រោយពីការមកដល់របស់កីឡាករប្រេស៊ីល២រូប គឺ Marcos Vinícius និង Junior Barros ដែលធ្វើឲ្យសមាជិកបរទេសវិសាខាកើនដល់៧នាក់។ ទន្ទឹមនឹងនេះ ខ្សែការពារអាហ្វ្រិកខាងត្បូង Mohammed Khan Faeez និងខ្សែបម្រើកូរ៉េខាងត្បូង Lee Jae-gun ក៏ទទួលបានកុងត្រាថ្មីរួចរាល់។
ដូច្នេះ Haber ខ្សែប្រយុទ្ធប្រេស៊ីល Christian Alex និងខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi ស្ថិតក្នុងមន្ទិលនៅឡើយ មិនទាន់ច្បាស់ថា នរណាខ្លះនឹងចាកចេញពីវិសាខាមុនរដូវកាលថ្មី២០២២ចូលមកដល់៕