វិរបុរសហង្សក្រហម Souness សរសើរខ្សែការពារតោខៀវមិនដាច់ពីមាត់
(BC-99)
បន្ទាប់ពី Chelsea បានវាយបកយកឈ្នះក្រុម Sheffield United ៤-១ កាលពីចុងសប្តាហ៍កន្លងទៅនេះអតីតកីឡាករដ៏អស្ចារ្យរបស់ Liverpool Graeme Souness បាននិយាយថាក្រុមតោខៀវដូចបានឈ្នះឆ្នោតមហាសាលដោយមានកីឡាករខ្សែការពារ Reece James និង Ben Chilwell ។
លោក Graeme Souness បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ Sky Sports បន្ថែមយ៉ាងដូច្នេះថា “គ្រប់ពេលវេលានៅពេលដែលអ្នកទិញកីឡាករណាម្នាក់ក្នុងតម្លៃថ្លៃ ចំណាប់អារម្មណ៍ទាំងអស់នឹងផ្តោតទៅលើកីឡាកររូបនោះ។ នៅពេលដែលតោខៀវបានចំណាយខ្ទង់៥០លានផោនលើ Ben Chilwell អ្នកគាំទ្រច្បាស់ជាផ្តោតអារម្មណ៍កីឡាករម្នាក់នេះ។ Reece James ក៏ជាកីឡាករឆ្នើមម្នាក់របស់ Chelsea នាពេលបច្ចុប្បន្នដែរ។ បើនិយាយពីអាយុរបស់គេគឺរិតតែសក្តិសមនឹងសមត្ថភាពទៅទៀតដែលមានការវិវឌ្ឍន៍ល្អជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃមិនថាភាពខ្លាំង ល្បឿន ការបញ្ជូនបាល់ចំៗគោលដៅរបស់គេនុះទេ។ គេបានបំពេញមុខងារការពារកាន់តែប្រសើរឡើង។…”
“…ខ្ញុំបានសួរទៅ Ash [Ashley Cole អតីតខ្សែការពារ Chelsea] អំពីពួកគេ។ គាត់បាននិយាយថា Chilwell និង James ពិតជាធ្វើបានល្អក្នុងការប្រកួតនិមួយៗនៅក្នុងវិស័យបាល់ទាត់សម័យថ្មីនេះ។ ប្រសិនបើ Chelsea លេងប្រឆាំងនឹងក្រុមហង្សក្រហម Liverpool ពួកគេច្បាស់ជាអាចបញ្ឈប់ Andy Robertson និង Trent Alexander-Arnold បានដោយមានប្រសិទ្ធភាព”។
សូមបញ្ជាក់ដែរថាលោក Graeme Souness គឺជាអតីតកីឡាករខ្សែបម្រើ Liverpool ចន្លោះឆ្នាំ ១៩៧៨-១៩៨៤ ដោយបានបង្ហាញខ្លួនឱ្យហង្សក្រហមបានចំនួន ២៤៧ ប្រកួតនិងស៊ុតបញញចូលទីបានចំនួន ៣៨ គ្រាប់។ ក្នុងអំឡុងពេល៦ឆ្នាំនៅ Andfield លោកបានជួយឱ្យ Liverpool ឈ្នះពានកំពូលអង់គ្លេសដែលកាលនោះមានឈ្មោះថា First Division ចំនួន ៥ សម័យ ឈ្នះពានរង្វាន់ League Cup ៣ សម័យនិង European Cup (Champions League) ៣ សម័យផងដែរ។ សព្វថ្ងៃនេះលោកគឺជាអ្នកវិភាគបាល់ទាត់និងជាពិធីកររបស់ស្ថានីយ៍ទូរទស្សន៍កីឡាលំដាប់ពិភពលោក SkySport ។