ច្រឹង ពលរដ្ឋ ធ្លាប់គិតពីការបោះបង់បាល់ទាត់ពេលដាច់សរសៃជង្គង់ដំបូង
កាលឆ្នាំ២០១៧/២០១៨ ច្រឹង ពលរដ្ឋ កាលណោះនៅក្លិបក្រសួងការពារជាតិ បានរបួសដាច់សរសៃពួរជង្គង់អំឡុងការហ្វឹកហាត់ រហូតត្រូវនៅក្រៅទីលានជាង១ឆ្នាំ។
បញ្ហារបួសខាងលើ គឺជាបញ្ហាធំមួយ និងអាចបណ្ដាលឲ្យបាត់បង់អាជីព ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវ។ ហេតុដូចនេះហើយបានជាច្រឹង ពលរដ្ឋ បានគិតដល់ការបោះបង់អាជីពដែរពេលទើបរងរបួសដំបូងៗ។
ផ្ទុយទៅវិញ កីឡាករជម្រើសជាតិកម្ពុជាបច្ចុប្បន្នបានពិចារណាជាថ្មី ដោយនៅតែតស៊ូបន្តព្យាបាល និងហ្វឹកហាត់ពង្រឹងខ្លួនរហូតជា១០០ភាគរយ ហើយក៏អាចជាប់តំណាងប្រទេសម្ដងទៀត។
អតីតយុវជនព្រះខ័នរាជស្វាយរៀងដដែលទទូចថា មិនអាចបោះបង់ចោល ព្រោះចង់ជួយបាល់ទាត់កម្ពុជាមានឈ្មោះល្បី ហើយក្ដីស្រមៃធំមួយទៀត គឺចង់ជាប់ជម្រើសជាតិ។ គេថា គេស្រលាញ់បាល់ទាត់តាំងពីក្មេង ដូច្នេះមិនអាចបោះបង់ឡើយ។
គួររំឭកថា ច្រឹង ពលរដ្ឋ ចាប់ផ្ដើមហ្វឹកហាត់បាល់ទាត់អាជីពនៅថ្នាលព្រះខ័នរាជស្វាយរៀង មុនផ្លាស់ទៅត្រាយអាស៊ីក្នុងឆ្នាំ២០១៣។ ឆ្នាំ២០១៥ គេបានផ្ទេរទៅក្រសួងការពារជាតិ និងបន្តទៅវិសាខា រដូវកាល២០២០៕