Premier League ទំនងសម្រាកពីរសប្ដាហ៍
គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ក្របខណ្ឌ Premier League កំពុងពិចារណាលើសំណើផ្អាកការប្រកួតបណ្ដោះអាសន្នរយៈពេលពីរសប្ដាហ៍ ដើម្បីបញ្ចៀសពីការរីករាលដាលជំងឺកូវីដ១៩។
យោងតាម Sportmail ក្រោយការពន្យារជំនួបរវាង Manchester City និង Everton ក្លិបនៅអង់គ្លេសបានស្នើឲ្យមានការសម្រាកចាប់ពីដើមខែមករា ឆ្នាំ២០២១។
ក្នុងការធ្វើតេស្ដចុងក្រោយចំណោមកីឡាករ និងក្រុមការងារ១៤៧៩នាក់ គេរកឃើញមាន១៨ករណីដែលឃើញថា វិជ្ជមាន និងជាចំនួនច្រើនបំផុតចាប់តាំងពីការធ្វើតេស្ដផ្ដើមពីខែសីហា ឆ្នាំ២០២០។
កាលថ្ងៃអង្គារ ទី២៩ ខែធ្នូ Sheffield United បានបញ្ជាក់ពីករណីវិជ្ជមានក្នុងចំណោមបុគ្គលិកមួយចំនួន ហើយបច្ចុប្បន្នកំពុងនៅដាច់ដោយឡែក។ យ៉ាងណាការប្រកួតជាមួយ Burnley នៅតែបន្តតាមកាលវិភាគ។
ចំណែក Southampton វិញបានប្រកាសនៅប៉ុន្មានម៉ោងមុនប្រកួតជាមួយ West Ham ថា អ្នកចាត់ការ Ralph Hasenhuttl ក៏តេស្ដឃើញវិជ្ជមានដែរដែលត្រូវនៅឆ្ងាយពីគេ។
ក្រោយចាញ់ Leeds United ០ទល់នឹង៥ អ្នកចាត់ការ West Brom លោក Sam Allardyce បានបង្ហាញគាំទ្រដល់ផែនការផ្អាកបណ្ដោះអាសន្នដែរ។ លោកថា សុខសុវត្ថិភាពរបស់អ្នករាល់គ្នាពិតជាសំខាន់ជាងអ្វីៗទាំងអស់៕