ព្រះខ័នរាជស្វាយរៀង ចែកផ្លូវជាមួយកីឡាករខ្មែរពីររូប
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានចេញសេចក្តីប្រកាសលើបណ្តាញសង្គមផ្ទាល់ថា ក្លិបមិនបានបន្តកិច្ចសន្យាជាមួយកីឡាករចំនួន២នាក់ក្នុងនោះមានខ្សែបម្រើ ស៊ាន ភីសា និងអ្នកចាំទី ខេង លីហៀង ក្រោយពួកគេរួមរស់ជាមួយក្លិបបាន១រដូវកាលកន្លងមក ។ស៊ាន ភីសា បានមកចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀងកាលពីដើមរដូវកាល២០២០កន្លងទៅ ប៉ុន្តែមិនសូវមានឱកាសបង្ហាញខ្លួននោះទេក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Conor Nestor ។
កីឡាករដើមកំណើតខេត្តបាត់ដំបង ផ្ដើមអាជីពបាល់ទាត់ជាមួយបៀលប្រាយយូណាយធីតកាលឆ្នាំ២០១៤ ក្រោយមកក៏រួមភ្នំពេញក្រោន ដែលជួយអោយក្រុមនេះឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៥ មុនផ្លាស់ទៅក្រសួងការពារជាតិដើមរដូវកាល២០១៧ និងបន្តមកវិសាខាតែពុំសូវមានឱកាសបង្ហាញខ្លួន ក៏បានផ្លាស់មកចូលរួមជាមួយ ភ្នំពេញក្រោនជាថ្មី ប៉ុន្តែក៏ពុំបានបង្ហាញខ្លួនដូចគ្នា រហូតដល់ពាក់កណ្ដាលរដូវកាល២០១៩ ក៏ផ្លាស់ទៅចូលរួមជាមួយអគ្គិសនីកម្ពុជា មុនផ្លាស់មកចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ។
ចំណែកអ្នកចាំទី ខេង លីហៀង បានធ្វើតេស្តជាប់ជាមួយក្លិប ព្រះខ័នរាជស្វាយរៀង ខណៈរួបគេធ្លាប់ហាត់ជាមួយថ្នាលក្រសួងការពារជាតិ និងធ្លាប់ជាសមាជិកក្រុមពាក់កណ្តាលអាជីព Avatar FC មកក្លាយកូនក្រុមរបស់លោក Conor Nestor កាលពីឆ្នាំ ២០១៩ ។ការមិនបន្តកិច្ចសន្យាដល់អ្នកចាំទីរូបនេះដោយសារក្លិបជើងឯកលីគកំពូលកម្ពុជាឆ្នាំ ២០១៩ នេះទើបចុះកិច្ចសន្យាជាមួយអ្នកចាំទី អាឡិច យូ សម្រាប់រដូវកាលថ្មីនេះ ៕