
Mario Balotelli និយាយមួយឃ្លាយ៉ាងខ្លី ក្រោយជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអ៊ីតាលីសារជាថ្មី
កាលពីម្សិលមិញ ក្រុមជម្រើសជាតិអ៊ីតាលីបានធ្វើការបញ្ចេញបញ្ជីឈ្មោះកីឡាករចំនួន៣៥នាក់ក្នុងធ្វើការជួបជុំគ្នានៅថ្ងៃទី២៦-២៧ សម្រាប់ជ្រើសរើសយកសមាសភាពត្រឹម២៣នាក់របស់គ្រូបង្វឹក Roberto Mancini ក្នុងការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2022 ទល់នឹងម៉ាសេដូនៀខាងជើងនៅខែមិនាខាងមុខនេះ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងបញ្ជីឈ្មោះខាងលើនេះគឺមានវត្តមានរបស់ខ្សែប្រយុទ្ធ Mario Balotelli សារជាថ្មីម្តងទៀត ក្រោយពីបង្ហាញខ្លួនលើកចុងក្រោយឱ្យក្រុមជើងឯក Euro 2020 ក្នុងពានរង្វាន់ UEFA Nations League នៅឆ្នាំ២០១៨។
ក្រោយពីមានឈ្មោះក្នុងបញ្ជីបឋមរបស់ក្រុមជម្រើសជាតិ កីឡាករវ័យ៣១ឆ្នាំបាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ល្អណាស់ឥឡូវនេះ ហើយវាជារឿងធម្មតាទេក្នុងការជាប់ជម្រើសជាតិសារជាថ្មីម្តងទៀត ហើយសម្រាប់ខ្ញុំគឺជារឿងធម្មតា។”
គួរឱ្យដឹងថា អតីតសមាជិក Inter Milan, AC Milan, Liverpool និង Manchester City ខាងលើបានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអ៊ីតាលីចំនួន៣៦លើក ដោយស៊ុតបញ្ចូលទីបានចំនួន១៤គ្រាប់ផងដែរ។