លន បញ្ញា ចង់សាកលេងជង្គង់ជាមួយ ឡុង សំណាង
ក្រោយពីឈ្នះខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរ លន បញ្ញា បានវិលមកសង្វៀនជាថ្មីនៅថ្ងៃ អាទិត្យ សប្តាហ៍នេះដោយត្រូវប៉ះជាមួយកីឡាករជើងខ្លាំង ឡុង សំណាង ក្នុងកម្មវិធី នាសង្វៀន CNC ម៉ោង ១១ព្រឹក ។ កូនសិស្សរបស់លោក ធន់ សុភា បានបញ្ជាក់ថា សម្រាប់ការប្រកួតនេះរូបគេនៅតែត្រៀមបានល្អ ទោះបីទើបឈ្នះខ្សែក្រវាត់ ក៏មិនប្រហែសក្នុងការហ្វឹកហាត់ដែរ ពោលហ្វឹកហាត់ជាប្រចាំ ។ ការប៉ះ ឡុង សំណាង មិនមែនជារឿងងាយស្រួលនោះទេ ហើយពីមុនក៏មិនធ្លាប់ជួបគ្នាដែរ ។
លន បញ្ញា បន្ថែមថា មិនមានអារម្មណ៍ខ្លាចរអាអ្វីនោះទេ ពីព្រោះធ្លាប់ប៉ះជើងខ្លាំងច្រើននាក់មកហើយដូចជា ផល សោភ័ណ្ឌ , ឡៅ ចិត្រា , សួន ចាន់នី និង មឿន សុខហ៊ុច ជាដើម ។ សូមបញ្ជាក់ថា នេះជាការវិលមកសង្វៀនលើកដំបូងរបស់ លន បញ្ញា បន្ទាប់ពីរូបគេឈ្នះខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរដោយបានយកឈ្នះ សូត្រ ខេវិន កាលពីពេលថ្មីៗ កន្លងទៅ នេះ នាសង្វៀន CNC ៕